ប្រើពេល៤ម៉ោង ប្រជុំប្រាក់ឈ្នួលលើកទី៤ ទ្វេភាគីនៅរក្សាជំហរដដែល តំណាងនិយោជិតស្នើឡើង ១៥ដុល្លារ រីឯនិយោជកឡើង១ដុល្លារ

សង្គម​និង​សេដ្ឋកិច្ច

ប្រជុំប្រាក់ឈ្នួលអប្បបរមា លើកទី៤ សម្រាប់ឆ្នាំ២០២៤ ភាគីទាំងសងខាងនៅតែរក្សាជំហរដដែល គឺភាគីនិយោជិតស្នើឡើង១៥ដុល្លារ រីឯភាគីនិយោជកឡើង១ដុល្លារ ខណៈភាគីរដ្ឋាភិបាលមិនទាន់បង្ហាញតួលេខណាមួយនៅឡើយទេ ដោយក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមានឹងបើកកិច្ចប្រជុំសម្រចលក្ខណៈបុគ្គលជាបន្តទៀតនៅថ្ងៃទី១៨ ខែកញ្ញា ។ នេះបើយោងតាមស្មារតីអង្គប្រជុំប្រាក់ឈ្នួលអប្បបរមា លើកទី៤ ក្រោមអធិបតីភាព លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ដែលមានត្រីភាគីចូលរួមប្រមាណ៥០នាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងកិច្ចប្រជុំនេះភាគីទាំងសងខាងបានលើកឡើងនៅបញ្ហាប្រឈមរៀងៗខ្លួន ប្រកបដោយភាពចាស់ទុំ ដោយមានការសម្របសម្រួលពីរដ្ឋាភិបាល និងពន្យល់ណែនាំបន្ថែមទៀតដល់ភាគីទាំងពីរឱ្យលើកសំណើរមក ដោយប្រើនាមជាឪពុកម្ដាយដែលស្រឡាញ់កូនៗ គិតផលប្រយោជន៍កូនៗ ចៀសវាងគំនិតដែលគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន។

ជុំវិញរឿងប្រាក់ខែកម្មករ និយោជិត សម្រាប់ឆ្នាំ២០២៤នេះ សហជីព លើកឡើងថា ការប្រជុំលើកទី៤នេះ ដែលយើងបានចំណាយពេល៤ម៉ោង ក្នុងការពិភាក្សា គឺមិនទាន់មានការឯកភាពណាមួយនោះទេ ដោយសហជីពសុំដកឃ្លាទៅពិភាក្សាផ្ទៃក្នុងម្ដងទៀត ។ ការប្រជុំនេះមានទាំងការពិភាក្សាទ្រង់ទ្រាយតូចនិងធំ ហើយគ្រោងនឹងមានតួលេខប្រែប្រួល នៅសប្ដាហ៍ក្រោយ ដោយឡែកក្នុងថ្ងៃនេះ សហជីពសូមរក្សានៅតួលេខចាស់ គឺ២១៥ដុលា្លរ។

រឿងនេះផងដែរ តំណាងនិយោជក លោកឧកញ៉ា ណាង សុធី ក៏បានស្នើបន្ថែមតួរលេខ០.៥ ដុល្លារ លើការចរចាចាស់ គឺស្មើនឹង ២០១.៥ដុល្លារ តែដោយហេតុថា មិនមានការយល់ព្រមណាមួយពីភាគីសហជីព ទើបនិយោជកនៅរក្សាតួលេខ ២០១ដុល្លារដដែល ។

លោកឧកញ៉ា បន្តថា និយោជកឈរលើគោលការណ៍វិនិច្ឆ័យទាំង៧របស់រដ្ឋាភិបាល ហើយតួលេខគឺមិនមានត្រូវតម្លើងប្រាក់ខែទេ ទោះដោយហេតុផលនេះ និយោជកក៏មិនបន្ថយប្រាក់ខែកម្មករនោះដែរ។ ក្រោមការណែនាំចង្អុលបង្ហាញរបស់សម្ដេច ហ៊ុន ម៉ាណែន ថាក្នុងឆ្នាំ២០២៤ ប្រាក់ខែកម្មករ កម្មការិនី ទោះតិចឬច្រើនគឺត្រូវតែឡើង ទើបនិយោជកសម្រេចគ្នាថានឹងតម្លើងប្រាក់ខែកម្មករ ក្នុងតួលេខមួយដែលថៅកែមានលទ្ធភាពផ្ដល់ឱ្យ។

ជាមួយគ្នានេះ លោកឧកញ៉ាបន្តថា ប្រសិននៅថ្ងៃទី១៨ ខែកញ្ញា មិនទាន់មានការបញ្ជាក់តួលេខណាមួយច្បាស់លាស់ទេ នៅថ្ងៃទី២៨ ខែកញ្ញា នឹងមានការបោះឆ្នោះជាកញ្ចប់ ដើម្បីឈានដល់ការសម្រេចបាននៅការឯកភាពរួមមួយ។

ទន្ទឹមនឹងនោះ លោក ហេង សួ ថា ការនៅរក្សា ជំហរដដែលរបស់និយោជិត និងនិយោជកទោះបីជារដ្ឋាភិបាលរៀបចំការប្រជុំជាលក្ខណៈផ្ទៃក្នុងផងនោះ ក៏ព្រោះតែ បងប្អូននិយោជិតនៅមានការព្រួយបារម្ភអំពីតម្រូវការផ្សេងៗក្នុងការរស់នៅ រីឯភាគីនិយោជក នៅមានកង្វល់រឿងការងើបឡើងវិញនៅនៅសេដ្ឋកិច្ចសកល ការងើបឡើងនៅតម្រូវការលើវិស័យសម្លៀងបំពាក់ ស្បែកជើង កាបូប និងផលិតផលធ្វើដំណើរជាដើម។

លោកបន្តថា កិច្ចប្រជុំនៅថ្ងៃនេះ លោករំពឹងថានឹងទទួលបានការឯកភាពរួមគ្នាមួយលឿនជាងការកំណត់ ដោយភាគីទាំងពីរនឹងទៅសម្របសម្រួលផ្ទៃក្នុងរបស់ខ្លួនម្ដងទៀត ដើម្បីស្នើសម្រេចមួយចុងក្រោយ ព្រមទាំងពិនិត្យស្នើនូវសំណូមពរលក្ខណៈផ្ទាល់ខ្លួនជូនក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា លើកទី៥ខាងមុខនេះ។

លោករដ្ឋមន្រ្តីបញ្ជាក់ថា សេដ្ឋកិច្ចក្នុងពេលបច្ចុប្បន្ននេះ ពុំទាន់មានប្រទេសណាមួយសម្រេចតម្លើងប្រាក់ខែកម្មករនោះទេ ហេតុនេះទើបនិយោជកបារម្ភថា ប្រសិនទំនិញនៅកម្ពុជាឡើងថ្លៃ គេអាចងាកទៅទិញផលិតផលពីប្រទេសផ្សេង ដូចជាវៀតណាម បង់ក្លាដេសជាដើម។

សូមជម្រាបជូនថា ការពិភាក្សាត្រីភាគីនេះ នឹងកំណត់យកថ្ងៃទី១៨ខែកញ្ញា ពោលគឺដើមសប្ដាហ៍ក្រោយនេះ ជាការស្នើតួរលេខសម្រេច និងសំណូមពរផ្សេងៗពីភាគីកម្មករនិយោជិត និងនិយោជក ដើម្បីឱ្យក្រសួងការងារប្រជុំសម្រេចជាផ្លូវការម្ដងទៀត នៅថ្ងៃទី២៨ ខែកញ្ញា មុននឹងបញ្ជូនរបាយការណ៍នេះជូន សម្ដេច ហ៊ុន ម៉ាណែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

គួររំលឹកផងដែរថា នៅក្នុង២០២៣នេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប គឺមានចំនួន២០០ដុល្លារក្នុងមួយខែ ហើយប្រសិនបើបូកនិងប្រាក់អត្ថប្រយោជន៍ផ្សេងៗបន្ថែម កម្មករនិយោជិតម្នាក់អាចទទួលបានប្រាក់ឈ្នួល ចន្លោះពី ២១៧ ទៅ ២២៨ដុល្លារអាម៉េរិកក្នុងមួយខែ៕