លោក សួង សោភ័ណ ឈប់ពីការងារជាអ្នកបើកបររថយន្ត ងាកមករកប្រាក់ចំណូលពីផលិតត្រីងៀតពី៦ទៅ៧តោន ក្នុង១ខែ

សង្គម​និង​សេដ្ឋកិច្ច

បន្ទាប់ពីចាប់ផ្តើមធ្វើការជាអ្នកបើកបររថយន្តនៅឆ្នំា២០០៧ ឱ្យសណ្ឋាគារមួយកន្លែង នៅក្រុងភ្នំពេញបានត្រឹមតែរយៈពេលជាង៣ឆ្នាំ លោក សួង សោភ័ណ បានលាឈប់ពីការងារមួយនេះ ងាកមករកប្រាក់ចំណូលពីការផលិតត្រីងៀតជាមួយនិងម្តាយក្មេក ដើម្បីផ្គត់ផ្គង់ទីផ្សារនៅក្នុងស្រុកអស់រយៈពេលជាង១០ឆ្នាំ មកទល់នាសព្វថ្ងៃនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក សួង សោភ័ណ ម្ចាស់សិប្បកម្មកែច្នៃត្រី សោភ័ណសុម៉េង មានទីតំាងនៅភូមិកំពង់ចិន ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ បានឱ្យដឹងថា សព្វថ្ងៃនេះខ្ញុំផលិតត្រីងៀត និងចែកចាយទៅតាមតំបន់មួយចំនួន មានដូចជានៅខេត្តកំពង់ចាម សួង អូររំាងឪជាដើម។

លោកបញ្ជាក់ថា «ក្នុងមួយថ្ងៃខ្ញុំផលិតត្រីងៀតសើមចំនួន៥០០គីឡូក្រាម ស្មើប្រមាណ២៥០គីឡូក្រាមស្ងួត ហើយចែកចាយទៅដៃគូឬម៉ូយជាង១០នាក់ ជារៀងរាល់ថ្ងៃទៅតាមតំបន់»។

បើតាមលោក សួង សោភ័ណ ក្នុងមួយខែសិប្បកម្មកែច្នៃត្រីរបស់លោកអាចផ្គត់ផ្គង់ត្រីងៀតស្ងួតទៅដៃគូចែកចាយចន្លោះពី៦ទៅ៧តោន ហើយផលិតផលរបស់លោកចែកចេញជាពីរប្រភេទ មានត្រីងៀតធ្វើពីត្រីរ៉ស់ ថ្លៃ២៥០០០រៀល និងត្រីងៀតឌៀបថ្លៃ២៩០០០រៀលក្នុង១គីឡូក្រាម ខណៈបច្ចុប្បន្ននេះលោកបាននិងកំពុងរៀបបង្កើតផលិតផលថ្មីទំាងរសជាតិ គុណភាពនិងការវេចខ្ចប់ដើម្បីឆ្លើយតបទៅនិងតម្រូវការទីផ្សារ។

លោកលើកឡើងថា «ទម្រាំដើរមកដល់ចំណុចមានដូចសព្វថ្ងៃនេះ ដំបូងឡើយខ្ញុំធ្វើការជាអ្នកបើកបររថយន្តឱ្យសណ្ឋាគារមួយកន្លែងនៅក្រុងភ្នំពេញអស់រយៈពេលជាង៣ឆ្នាំ ដោយមិនសូវទទួលបានផលល្អក៏លាឈប់ងាកមកធ្វើត្រីងៀតជាមួយម្តាយក្មេករហូតមានកន្លែងផលិតត្រីងៀតដោយខ្លួនឯងមកដល់សព្វថ្ងៃនេះ»។

លោកបន្តថា មុខរបរផលិតត្រីងៀតរបស់ខ្ញុំនេះ បានចូលរួមចំណែកជួយដល់អ្នកចិញ្ចឹមត្រីក្នុងស្រុក ឱ្យមានសកម្មភាពចិញ្ចឹម ដើម្បីទទួលបានប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ និងចូលរួមចំណែកផ្តល់ការងារនិងប្រាក់ចំណូលមួយចំនួនដល់ពលរដ្ឋក្នុងស្រុក។ជាង១០ឆ្នំាមកនេះ សិប្បកម្មត្រីងៀត របស់យើងមានការប្រែប្រួល និងមានភាពរីកចម្រើនជាបន្តបន្ទាប់ ខណៈមុខរបរមួយនេះ ខ្ញុំចាប់ផ្តើមដំបូងជាមួយដើមទុនប្រមាណ១០លានរៀល ប៉ុណ្ណោះសម្រាប់ផលិតត្រីងៀតផ្គត់ផ្គង់ក្នុងតំបន់។

តាមលោក សួង សោភ័ណ អាយុ ជាង៤០ឆ្នំា មានកូន២នាក់នៅក្នុងគ្រួសាររូបនេះ បានបង្ហាញអារម្មណ៍យ៉ាងដូច្នេះថា «ខ្ញុំមិននឹកស្មានថាខ្លួនឯងទទួលបានលទ្ធផលល្អប្រសើរយ៉ាងដូចនេះ។ប៉ុន្តែទម្រាំបានដូចសព្វថ្ងៃនេះ ខ្ញុំពីរនាក់ប្តីប្រពន្ធបានឆ្លងកាត់នូវឧបសគ្គជាច្រើន។ ខ្ញុំសប្បាយចិត្ត ហើយមានក្តីសង្ឃឹមថានៅថ្ងៃខាងមុខនេះ ខ្ញុំនឹងមានទីផ្សារថ្មីៗ ដែលអាចឱ្យខ្ញុំរកប្រាក់ចំណូលបានថែមមួយកម្រិតទៀត»៕

អត្ថបទ៖សារេត