ជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត ប្រធានរដ្ឋឡាវប្រកាសគាំទ្រការតភ្ជាប់ទេសចរណ៍ត្រីភាគី កម្ពុជា-ឡាវ និងវៀតណាម

សង្គម​និង​សេដ្ឋកិច្ច

ប្រធានរដ្ឋឡាវ ប្រកាសគាំទ្រគំនិតផ្តួចផ្តើមរបស់នាយករដ្ឋមន្រ្តីសម្តេចធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ត្រីភាគី កម្ពុជា-ឡាវ-វៀតណាម «ប្រទេសបី គោលដៅតែមួយ (Three Countries One Destination)»។ ការប្រកាសរបស់ប្រធានរដ្ឋឡាវ លោក ថងលុន ស៊ីសុលីត ធ្វើឡើងក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៅរដ្ឋធានីប៉េកាំង កាលថ្ងៃទី១៩ ខែតុលានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ថងលុន ស៊ីសុលីត បានបង្ហាញការជឿជាក់ថា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ទំនាក់ទំនងរវាងកម្ពុជា-ឡាវ នឹងកាន់តែរីកចម្រើនទៅមុខ។

ថ្លែងក្នុងនោះជំនួបនោះសម្តេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរីកចម្រើននៃកិច្ចសហប្រត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ដែលសម្រេចបានកន្លងមក ។ ចំពោះទិសដៅទៅមុខ សម្តេចធិបតី បានគាំទ្រការបន្តអនុវត្ត «លំហាត់រួមត្រីភាគី ស្តីពីការសង្គ្រោះគ្រោះមហន្តរាយ កម្ពុជា-ឡាវ-វៀតណាម ដូចដែលមានការរៀបចំឡើងកាលពីខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ និងបានលើកឡើងនូវគំនិតផ្តួចផ្តើមមួយចំនួនពាក់ព័ន្ធនឹងការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ តាមរយៈការដាក់ចេញនូវកិច្ចសហប្រតិបត្តិការទេសចរណ៍ត្រីភាគី កម្ពុជា-ឡាវ-វៀតណាម «ប្រទេសបី គោលដៅតែមួយ (Three Countries One Destination)» និងការភ្ជាប់ជើងហោះហើរត្រង់ ភ្នំពេញ-វៀងច័ន្ទន៍-ភ្នំពេញ ។

ជារួម ថ្នាក់ដឹកនាំទាំងពីរបានធ្វើការវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃ «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង» ដែលត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ២០១៩ មក និងបានឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន ជាអាទិ៍៖ វិស័យការពារជាតិ, អប់រំ, ថាមពល, ការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់ និងគំនិតផ្តួចផ្តើមរបស់ សម្តេចធិបតី ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ត្រីភាគី កម្ពុជា-ឡាវ-វៀតណាម “ប្រទេសបី គោលដៅតែមួយ (Three Countries One Destination)» ។

ក្នុងជំនួបដដែលនោះ ប្រធានរដ្ឋឡាវ លោក ថងលុន ស៊ីសុលីត បានអញ្ជើញសម្តេចធិបតី ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសឡាវ ហើយសម្តេចធិបតីក៏បានទទួលយកការអញ្ជើញនេះនឹងកំណត់យកកាលបរិច្ឆេទសមស្របណាមួយ នាពេលខាងមុខ៕