កម្ពុជា កំពុងពិភាក្សាទិដ្ឋភាពច្បាប់ឱ្យជនបរទេសមានសិទ្ធិទិញដីធ្លីក្នុងបុរី និងលំនៅឋានស្របច្បាប់បាន

សង្គម​និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាល និងវិស័យឯកជនដឹកនាំដោយសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានពិភាក្សាលើទិដ្ឋភាពច្បាប់ដើម្បីអនុញ្ញាតឱ្យជនបរទេសមានសិទ្ធិស្របច្បាប់ក្នុងការទិញលំនៅឋាន និងដីនៅក្នុងគម្រោងបុរីបាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្មីៗកន្លងទៅនេះ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បើកកិច្ចប្រជុំបន្ទាន់ «ពិភាក្សាអំពីស្ថានភាពវិស័យសំណង់នៅកម្ពុជា» ដោយភាគីទាំងពីរជជែកលើទិដ្ឋភាពច្បាប់ដើម្បីអនុញ្ញាតឲ្យជនបរទេសមានសិទ្ធិស្របច្បាប់ក្នុងការទិញលំនៅឋាន និងដីនៅក្នុងគម្រោងបុរី។

ក្នុងកិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានប្រាប់អ្នកឧកញ៉ា លី ហួរ ថា ក្រសួងរៀបចំដែនដីបានរៀបចំសំណើ និងគោលនយោបាយមួយចំនួនបន្ថែមទៀត ដើម្បីដាក់ស្នើជូនទៅប្រមុខរាជរដ្ឋាភិបាល ក្នុងការជួយគាំទ្រដល់វិស័យសំណង់។

រាជរដ្ឋាភិបាលកម្ពុជា កន្លងទៅក៏បង្កើតច្បាប់ស្ដីពីការផ្ដល់សិទ្ធិកម្មសិទ្ធិ លើចំណែកឯកជននៃអគារសហកម្មសិទ្ធិ (ខុនដូ) ដល់ជនបរទេស ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១០ ដែលផ្ដល់លក្ខខណ្ឌពិសេស ដល់ជនបរទេសទាំងឡាយ ក្នុងការទទួលបានសិទ្ធិ ក្លាយជាកម្មសិទ្ធិករស្របច្បាប់ លើចំណែកឯកជននៃអគារសហកម្មសិទ្ធិ។ ច្បាប់នេះ ក៏មានគោលបំណងបង្កលក្ខណៈងាយស្រួលដល់ជនបរទេស ក្នុងការមកវិនិយោគទុននៅប្រទេសកម្ពុជា ក៏ដូចជាជួយគាំទ្រដល់ការរីកដុះដាល នៃវិស័យអចលនទ្រព្យ និងវិស័យសំណង់នៅក្នុងប្រទេសផងដែរ។

សូមជម្រាបជូនថា បណ្តាប្រទេសមួយចំនួននៅអាស៊ីដែលជនបរទេសអាចទិញ និងធ្វើជាម្ចាស់កម្មសិទ្ធិដីធ្លីបានមានដូចជា៖ ប្រទេសម៉ាឡេស៊ី, ជប៉ុន, កូរ៉េ, តៃវ៉ាន់ និងសឹង្ហបុរីជាដើម៕