កម្ពុជា បាននាំចេញអង្ករខ្មែរជើងដំបូង ទៅកាន់ប្រទេសឥណ្ឌូនេស៊ីជាផ្លូវការ

សង្គម​និង​សេដ្ឋកិច្ច

បន្ទាប់ពីចរចាបើកទីផ្សារបានសម្រេច នៅក្នុងខែសីហា ឆ្នាំ២០២៣ អង្កររបស់កម្ពុជាបានដឹកទៅដល់កំពង់ផែឥណ្ឌូនេស៊ីជាផ្លូវការហើយ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ នេះបើតាមការឱ្យដឹងពីអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កញ្ញា អ៉ឹម រចនា​ តាមប្រព័ន្ធ Telegram។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កញ្ញា កញ្ញា អ៉ឹម រចនា ​អ្នកនាំពាក្យក្រសួងកសិកម្ម បានថ្លែងបន្តថា នេះជាលទ្ធផលនៃកិច្ចខំប្រឹងប្រែងក្នុងការចរចាបើកទីផ្សារ និងជំរុញការនាំចេញរហូតបានសម្រេច តាមរយៈការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងការចូលរួមពីសំណាក់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ រាប់ចាប់តាំងពីក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក៏ដូចជាវិស័យឯកជនជាដៃគូ គឺសហព័ន្ធស្រូវអង្ករកម្ពុជា។

ទោះជាមិនទាន់បានបញ្ជាក់ពីទំហំបរិមាណអង្ករដែលបាននាំចេញទៅកាន់ប្រទេសឥណ្ឌូនេស៊ីជាលើកដំបូង ថាមានចំនួនប៉ុន្មានក្តី។ ប៉ុន្តែបើតាមអ្នកនាំពាក្យក្រសួងកសិកម្មខាងលើ អះអាងថា កិច្ចខំប្រឹងប្រែងទាំងអស់នេះ ធ្វើឡើងស្របទៅតាមគោលនយោបាយបញ្ចកោណដំណាក់កាលទី១ ផ្ដោតលើការលើកស្ទួយកសិកម្ម និងការអភិវឌ្ឍជនបទ ដែលផ្ដោតលើការបន្តពង្រឹងតួនាទី និងការអភិវឌ្ឍវិស័យកសិកម្មឱ្យទំនើប សម្បូរបែប និងមានភាពធន់ ដែលគាំទ្រដល់ការអភិវឌ្ឍជនបទ សំដៅធានាសន្តិសុខ និង សុវត្ថិភាពស្បៀង, បង្កើនតម្លៃបន្ថែមខ្ពស់, ជំរុញភាពប្រកួតប្រជែង និងលើកកម្ពស់គុណភាពជីវភាពប្រជាជននៅទីជនបទ។

សូមបញ្ជាក់ដែរថា យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម កាលពីពេលថ្មីៗនេះ បានបង្ហាញថា ការនាំចេញកសិផលទៅក្រៅប្រទេសនៅក្នុងរយៈពេល១០ខែឆ្នំា២០២៣   ដែលអគ្គនាយកដ្ឋានកសិកម្ម ទទួលបានផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ មានបរិមាណសរុបជាង៦លាន២៧ម៉ឺនតោន ក្នុងនោះអង្ករមានជិត៥៣ម៉ឺនតោន ស្រូវមានចំនួន ១លាន៩៩ម៉ឺនតោន និងកសិផលក្រៅពីស្រូវ អង្ករមានចំនួនជាង ៣លាន៧៤ម៉ឺនតោន ទៅកាន់ទិសដៅ៧៤ប្រទេស។

នៅក្នុងរយៈពេល១០ខែឆ្នាំ២០២៣នេះ បើគិតត្រឹមតែ ទៅលើការនាំចេញអង្ករគឺមានជាង ២លាន៥២ម៉ឺនតោន ដែលនៅក្នុងនោះ អង្ករមានជាង៥២ម៉ឺនតោន ស្រូវមានចំនួនជិត២លានតោនបើគិតជាប្រាក់មានជាង ១ ១៦៦លានដុល្លារអាមេរិក។

របាយការណ៍បញ្ជាក់ថា ក្នុងរយៈពេល១០ខែឆ្នំា២០២៣នេះ ការនាំចេញអង្ករដែលមានជិត៥៣ម៉ឺនតោន កើនឡើងជាង៤% ហើយស្រូវមានជិត២លានតោន កើនឡើងជាង២១% បើប្រៀបធៀបទៅនិងរយៈពេលដូចគ្នានិងឆ្នំា២០២២៕ អត្ថបទ៖ រង្សី