នាយករដ្ឋមន្រ្តី៖ រដ្ឋាភិបាល កំពុងបង្កើនឱ្យមានការភ្ជាប់ហោះត្រង់ឱ្យកាន់តែច្រើនមកកាន់ខេត្តសៀមរាប

សង្គម​និង​សេដ្ឋកិច្ច

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាល កំពុងខិតខំអន្តរាគមន៍ជាច្រើនដើម្បីស្តារ និងលើកកម្ពស់វិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែប្រសើរឡើង ខណៈរាជរដ្ឋាភិបាលក៏កំពុងតែខិតខំជំរុញ និងបង្កើនឱ្យមានការហោះត្រង់ឱ្យកាន់តែច្រើនមកកាន់ខេត្តសៀមរាប ដែលជាខេត្តសក្តានុពលទេសចរណ៍ដ៏សំខាន់របស់កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្លែងបែបនេះ តាមរយៈពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ» កាលព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកការកសាងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ជាការបង្ហាញឱ្យឃើញពីការប្រែក្លាយតំបន់អតីតសមរភូមិសង្គ្រាម ទៅជាតំបន់អភិវឌ្ឍន៍ និងមានសក្តានុពលសេដ្ឋកិច្ច ខណៈសម្តេចឱ្យដឹងថា កន្លងមករាជរដ្ឋាភិបាល បានចំណាយថវិការជាង១៥០លានដុល្លាររួចមកហើយ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធនៅខេត្តសៀមរាប។

ជាងនេះទៀត សម្តេចធិបតី បានបន្តថា៖« ទន្ទឹមនឹងការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្តផ្ទាល់ បច្ចុប្បន្ន រាជរដ្ឋាភិបាល តាមរយៈក្រសួងទេសចរណ៍ បានកំពុងតែខិតខំបង្កើនឱ្យមានការភ្ជាប់ហោះហើរត្រង់បន្ថែម ខណៈកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានកាលពីពេលកន្លងទៅ ខ្ញុំបានបើកកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំអាស៊ាន ដើម្បីជំរុញការភ្ជាប់ជើងហោះហើរពីតំបន់អាស៊ាន មកកាន់ខេត្តសៀមរាបឱ្យបានច្រើន»។

តាមរយៈពិធីខាងលើ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងបន្ថែមថា  តាមរយៈយុទ្ធសាស្ត្រទាក់ទាញទេសចរក្រោមប្រធានបទ«ទស្សនាកម្ពុ ជាឆ្នាំ២០២៤» ទេសចរចិន នឹងមកលេងកម្សាន្តច្រើននៅកម្ពុជានាឆ្នាំ២០២៤ ខាងមុខនេះ។ កត្តានេះ ទាមទារឱ្យកម្ពុជាត្រូវរៀបចំកែសម្រួល និងត្រៀមគ្រប់ផ្នែកដើម្បីទទួលទេសចរទាំងនោះ។ ហេតុនេះ កម្ពុជា ក៏គ្រោងពង្រីកឱ្យប្រើបណ្ណព្រំដែន ដើម្បីទេសចរងាយចូលមកទ ស្សនាខេត្តសៀមរាប ដោយមិនចាំបាច់ប្រើលិខិតឆ្លងដែន(PASSPORT)នោះទេ។

ក្រៅពីនេះ សម្តេចនាយករដ្ឋមន្រ្តី ក៏បានជំរុញឱ្យអាជ្ញាធរខិតខំធ្វើយ៉ាងណាថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ជូនដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឱ្យបានល្អប្រសើរបន្ថែមទៀត ដើម្បីជាការផ្តល់ទំនុកចិត្ដដល់ពួកគេបន្ថែមផងដែរ៕ អត្ថបទ៖ រង្សី