លោក អួន ស៊ីឡុត៖ ការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមធ្លាក់ចុះ ជាការបង្ហាញពីការងើបឡើងនៃសហគ្រាសក្នុងស្រុក

សង្គម​និង​សេដ្ឋកិច្ច

ការនាំចេញគ្រាប់ស្វាយចន្ទីឆៅពីកម្ពុជាទៅកាន់ប្រទេសវៀតណាម ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៣នេះ បាន ៦១៥.០០០តោន ស្មើទឹកប្រាក់ប្រមាណ ៨៣១លានដុល្លារ ធ្លាក់ចុះ ១៦,៧% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។ការធ្លាក់ចុះនេះ ប្រធានសមាគមស្វាយចន្ទីកម្ពុជា ថាមិនមែនជាការផ្តល់ផលអវិជ្ជមាននោះទេ ផ្ទុយមកវិញជាការបង្ហាញពីការកើនឡើងនៃសហគ្រាសក្នុងស្រុក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា ការធ្លាក់ចុះនៃទិន្នផល និងការនាំចេញគ្រាប់ស្វាយចន្ទីឆៅក្នុងរយៈ១០ខែ ឆ្នាំ២០២៣នេះ មិនមានបញ្ហាអ្វីដែលចម្លែកនោះទេ ព្រោះខាងសមាគមស្វាយចន្ទីបានធ្វើការវាយតម្លៃរួចហើយកាលពីខែកុម្ភៈ ឆ្នាំ២០២៣ ថាតម្លៃគ្រាប់ស្វាយចន្ទីនឹងធ្លាក់ចុះ ដោយកត្តារួមផ្សំមួយចំនួនគឺបាត់បង់ដើមឈើមួយចំនួនធំ ក្នុងរយៈពេល៣ឆ្នាំចុះក្រោយនេះ ដោយសារតែការប្រែប្រួលអាកាសធាតុ។ដូច្នេះហើយ ការបាត់បង់ដើមស្វាយចន្ទី ក៏ធ្វើឱ្យមានការបាត់បង់ទិន្នផលស្វាយចន្ទីដែរ។

លើសពីនោះ ក៏មានការប្រជែងទិញពីសហគ្រាសក្នុងស្រុក ដោយសារតែគោលនយោបាយជាតិស្តីពីស្វាយចន្ទី រដ្ឋាភិបាលបានលើកទឹកចិត្តឱ្យមានការផ្តល់ជាហិរញ្ញប្បទានអនុគ្រោះនានា។ ដូចនេះ សហគ្រាសក្នុងស្រុកមួយចំនួនគាត់ក៏បានទទួលហិរញ្ញប្បទានពីធនាគារដែលមានអត្រាការប្រាក់អនុគ្រោះ ហើយក្នុងនោះគាត់ក៏បានប្រជែងទិញបន្ថែមបើទោះបីជាតិចតួចយ៉ាងណាក្តី។ដូច្នេះហើយដែលធ្វើឱ្យការនាំចេញទៅកាន់ប្រទេសវៀតណាម មានការធ្លាក់ចុះ។

បើតាមលោក អួន ស៊ីឡុត «ការនាំចេញធ្លាក់ចុះនេះមិនមែនជាការបង្ហាញពីភាពអវិជ្ជមានទេ ផ្ទុយមកវិញជាការបង្ហាញពីភាពវិជ្ជមានច្រើន ដោយសារតែមានការងើបឡើងពីសហគ្រាសក្នុងស្រុក។អ្វីដែលវិជ្ជមាននោះមានន័យថាសហគ្រាសនៅក្នុងស្រុក មានការរីកដុះដាល ដោយសារតែគោលនយោបាយជាតិស្តីពីស្វាយចន្ទីរបស់រាជរដ្ឋាភិបាល ដែលផ្តល់អាទិភាពលើស្វាយចន្ទី ដូច្នេះហើយបានជាធនាគារមួយចំនួនធំបានផ្តល់កម្ចីក្នុងអត្រាការប្រាក់អនុគ្រោះទៅដល់សហគ្រាស»។

លោកបន្ថែមទៀតថា ការលក់ចេញគ្រាប់ស្វាយចន្ទីឆៅក៏ល្អ យើងកែច្នៃក៏ល្អដែរ អ្វីដែលសំខាន់ឱ្យតែមានទីផ្សារ ប៉ុន្តែអ្វីដែលល្អជាងនេះ នោះគឺយើងអាចកែច្នៃក្នុងស្រុករបស់យើង ហើយយើងអាចផ្តល់តម្លៃបន្ថែមដល់កសិករ និងជួយបង្កើតការងារដល់ពលករនៅក្នុងសហគមន៍។ ការកែច្នៃក្នុងស្រុកជារឿងល្អ ជាជាងការនាំគ្រាប់ឆៅទៅក្រៅប្រទេស។

គួរឱ្យដឹងផងដែរថា ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៣នេះ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅបាន ៦៥១.០០០តោន ក្នុងនោះបាននាំចេញទៅកាន់ប្រទេសវៀតណាមសរុប ៦១៥.០០០តោន គិតទឹកប្រាក់ប្រមាណ៨៣១លានដុល្លារ ថយចុះ ១៦,៧%។ដែលគ្រាប់ស្ងួតមានតម្លៃមធ្យម ១.៦៥៨ដុល្លារ ក្នុងមួយតោន។ ក្នុងខែតុលា គ្រាប់ស្ងួតមានតម្លៃ ៧០០០រៀល ទៅ៧៥០០រៀល ក្នុងមួយគីឡូក្រាម ឬ១៩០០ដុល្លារ ក្នុងមួយតោន៕