តម្លៃដំឡូងជ្វារំពឹងនឹងងើបឡើងវិញនៅខែធ្នូនេះ

សង្គម​និង​សេដ្ឋកិច្ច

តម្លៃដំឡូងជ្វានៅក្នុងដំណាក់កាលប្រមូលផលនៅខែកក្កដា ឆ្នំា២០២៣កន្លងទៅនេះ កសិករអាចលក់បានតម្លៃ១ ១០០រៀលក្នុង១គីឡូក្រាម តែចូលមកដល់ខែតុលា និងវិច្ឆិកា តម្លៃបានធ្លាក់ចុះមកនៅ៤០០រៀល ប៉ុន្តែតម្លៃនេះខាងសហគមន៍កសិកម្មចម្រើនជីវភាព រំពឹងវានឹងងើបឡើងមកវិញនៅពាក់កណ្តាលខែធ្នូ ខាងមុខនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកស្រី ឡុញ ធារ៉ា ប្រធានសហគមន៍នៅភូមិជីវភាព ឃុំអណ្តូងពោធិ៍ ស្រុកបាររាយណ៍ ខេត្តកំពង់ធំបាន លើកឡើងនៅក្នុងដំណើរទស្សនៈកិច្ចពិនិត្យនិងស្វែងយល់នៅរបស់លោក បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មថ្មីៗនេះថា បច្ចុប្បន្នសហគមន៍មានសមាជិកចំនួន១០០គ្រួសារ ក្នុងនោះប្រហែល៦០% ប្រកបរបរដំាដុះដំឡូងជ្វា និងមួយចំនួនផ្សេងទៀតធ្វើការដំាដុះ បន្លែស្លឹកនិងបន្លែផ្លែ។

អ្នកស្រី ឡុញ ធារ៉ា បានលើកឡើងថា«ដំឡូងជ្វា កសិករចាប់ផ្តើមប្រមូលផលពីខែកក្កដាដោយក្នុង១ថ្ងៃបាន៥តោន និងបន្តកើនរហូតដល់៧០តោនក្នុង១ថ្ងៃ ហើយតម្លៃអាចលក់បានថ្លៃ១ ១០០រៀលក្នុង១គីឡូក្រាម។តែចូលមកដល់ខែតុលា និងខែវិច្ឆិកាកន្លងទៅនេះ តម្លៃបានធ្លាក់ចុះនៅ៤០០រៀលក្នុង ១គីឡូក្រាម បើប្រៀបធៀបទៅនិងរយៈពេលដូចគ្នានឹងឆ្នំាមុនៗក្នុងកំឡុងខែវិច្ឆិកា ខែធ្នូ កសិករអាចលក់បានថ្លៃ១ ៧០០រៀលក្នុង១គីឡូក្រាម។ ប៉ុន្តែនៅពាក់កណ្តាលខែធ្នូ ឆ្នំា២០២៣ខាងមុខនេះតម្លៃដំឡូងជ្វាអាចនឹងឡើងថ្លៃវិញដោយសារការផ្គត់ផ្គង់ដំឡូងជ្វានៅក្នុងតំបន់អាចនិងមានការថមថយ»។

បើយោងតាមប្រធានសហគមន៍កសិកម្មចម្រើនជីវភាព តម្លៃដំឡូងជ្វាមានការធ្លាក់ចុះ៖១)- ដោយសារតែខាងភាគីវៀតណាមងាកមកនិយមបរិភោគផ្លែស្វាយច្រើនជាងដំឡូងជ្វា,២)-ខាងវៀតណាមបានបិទច្រកអូរយ៉ាដាវមិនឱ្យនាំចូល ព្រោះតែឈ្មួញរកស៊ីធំៗរបស់វៀតណាមប្រកួតប្រជែងគ្នាខ្លំាង ធ្វើឱ្យមានភាពរញ៉េរញ៉ៃទើបអាជ្ញាធរបិទច្រក, ៣)-ការប្រមូលដំឡូងជ្វាវាដល់រដូវកាលប្រមូលផលច្រើនដូចគ្នាទំាងនៅកម្ពុជា វៀតណាម និងថៃ។

អ្នកស្រី ឡុញ ធារ៉ា បន្តថា ដំឡូងជ្វានៅឆ្នំាមុនៗមានទីផ្សារពេញនិយមខ្លំាង មិនថាដំឡូងជ្វាដំានៅលើប្រភេទដីក្រហម ដីខ្មៅ ដីសនោះទេ ហើយកាលពីមុនដំឡូងជ្វាពឹងផ្អែកភាគច្រើនទៅលើទីផ្សារក្នុងស្រុក ទើបតែនៅឆ្នំា២០២៣នេះ ដែលដំឡូងជ្វាកម្ពុជាធ្វើការនាំចេញទៅទីផ្សារប្រទេសវៀតណាមច្រើន ព្រោះតម្រូវការក្នុងស្រុកងាកទៅនិយមដំឡូងជ្វានៅខេត្តផ្សេងច្រើនជាងដំឡូងជ្វាដំាដោយសមាជិកសហគមន៍។

អ្នកស្រីលើកឡើងថា «ក្នុងកំឡុងពេលតម្លៃដំឡូងជ្វារបស់សហគមន៍មានធ្លាក់ចុះ ប៉ុន្តែមានអារម្មណ៍ថារំភើប បើទោះពីថ្នាក់ដឹកនាំធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មចុះមកពិនិត្យការប្រមូលផលរបស់សមាជិកសហគមន៍កសិកម្មចម្រើនជីវភាព មិនបាននាំទីផ្សារឱ្យមកខាងកសិករក៏ដោយ តែពួកគាត់បានចុះមកស្វែងយល់អំពីបញ្ហារបស់ពួកខ្ញុំ»៕ SARETH