កម្ពុជា-វៀតណាម ឯកភាពគ្នាបើកដំណើរការជើងហោះហើរត្រង់ពីរដ្ឋធានីហាណូយ មកកាន់ខេត្តសៀមរាប

សង្គម​និង​សេដ្ឋកិច្ច

កម្ពុជា-វៀតណាម បានឯកភាពគ្នាបើកដំណើរការជើងហោះហើរត្រង់ពីរដ្ឋធានីហាណូយ មកកាន់ខេត្តសៀមរាប។ពិធីប្រកាសជាផ្លូវការ ត្រូវបានប្រារព្ធធ្វើឡើងនៅក្នុងវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-វៀតណាម ឆ្នាំ២០២៣ នៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម នារសៀលថ្ងៃចន្ទ ទី១២ ខែធ្នូ ឆ្នាំ២០២៣ ក្រោមវត្តមាននាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លើទំព័រហ្វេសប៊ុកសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា តាមរយៈការបើកឱ្យមានជើងហោះហើរត្រង់នេះ គឺនឹងផ្តល់អត្ថប្រយោជន៍ជាច្រើន តាមរយៈការទាក់ទាញភ្ញៀវទេសចរពីប្រទេសវៀតណាម និងលំហូរនៃធុរជន និងវិនិយោគិន ក៏ដូចជាការសម្រួលដល់មធ្យោយបាយធ្វើដំណើរ និងការដឹកជញ្ជូនជាដើម ។ល។

ក្នុងរបាយការណ៍របស់ខ្លួន ចេញផ្សាយការកន្លងទៅក្រសួងទេសចរណ៍បានឲ្យដឹងថា ក្នុងឆមាសទី ១ ឆ្នាំ ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ២ លាន ៥ សែននាក់ ក្នុងចំណោមភ្ញៀវទេសចរផ្ទៃក្នុងសរុប ប្រមាណជាង ១២ លាននាក់។

បើតាមរបាយការណ៍ ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិដែលបានចូលមកទស្សនាកម្ពុជាមានចំនួនជាង ២ លាន ៥ សែននាក់ នោះគឺធ្វើដំណើរមកតាមផ្លូវអាកាសមានចំនួន ៩១ ម៉ឺននាក់ ផ្លូវគោកមានចំនួនជាង ១ លាន ៦ សែននាក់ និងផ្លូវទឹកមានចំនួន ៣ ម៉ឺននាក់ ដូចជាមកពីប្រទេសថៃ វៀតណាម ចិន ឡាវ សហរដ្ឋអាមេរិក កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី បារាំង ចក្រភពអង់គ្លេស ម៉ាឡេស៊ី និងអូស្ត្រាលីជាដើម ដូច្នេះ នៅឆ្នាំ ២០២៣ នេះ កម្ពុជា អាចនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៥ លាននាក់ កើនឡើង ១២០ ភាគរយធៀបនឹងឆ្នាំ ២០២២ កន្លងទៅ៕