ជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២៖ អង្គភាពសេដ្ឋកិច្ចសរុបនៅកម្ពុជាមានប្រមាណជាង៧៥ម៉ឺនសហគ្រាស

សង្គម​និង​សេដ្ឋកិច្ច

គិតត្រឹមថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ អង្គភាពសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាមានប្រមាណជាង៧៥ម៉ឺនសហគ្រាស និងផ្តល់ការងារបានប្រមាណជិត៣លាននាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

របាយការណ៍វិភាគសង្ខេបអំពីលទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ច នៅកម្ពុជាឆ្នាំ២០២២ ដែលជាលទ្ធផលចុងក្រោយបន្ទាប់ពីការប្រព្រឹត្តកម្មទិន្នន័យ និងវិភាគទិន្នន័យអស់រយៈពេលជាងមួយឆ្នាំ បានបង្ហាញនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ថា អង្គភាពសេដ្ឋកិច្ចនៅប្រទេសកម្ពុជាសរុបមានចំនួន ៧៥៣.៦៧០សហគ្រាស ដោយគិតត្រឹមថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ និងមានអ្នកចូលរួមការងារនៅក្នុងអង្គភាពសេដ្ឋកិច្ចមានចំនួន ២.៩៨០.៥៦៩នាក់។ ក្នុងនោះ បុរសមាន ១.១៣៩.២០៧ នាក់ ស្មើនឹង ៣៨,២% និងស្ត្រីមាន ១.៨៤១.៣៦២នាក់ ស្មើនឹង ៦១.៨%។ប្រសិនបើមិនរាប់បញ្ចូលអង្គភាពសេដ្ឋកិច្ចតាមចិញ្ចើមផ្លូវទេ នោះចំនួនអង្គភាពសេដ្ឋកិច្ចទាំងអស់មានប្រមាណ ៦៧៦.៥៩៧ សហគ្រាស និងមានអ្នកចូលរួមការងារសរុប ២.៨៦៤.២៥៦ នាក់។

គួរបញ្ជាក់ថា ការធ្វើជំរឿនសេដ្ឋកិច្ចត្រូវបានរៀបចំធ្វើ២ដងរួចមកហើយ គឺជំរឿនសេដ្ឋកិច្ចទី១នៅឆ្នាំ២០១១ និងជំរឿន​សេដ្ឋកិច្ច​ទី២នៅឆ្នាំ២០២២។

បើប្រៀបធៀបលទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ ទៅនឹងលទ្ធផលនៃជំរឿនសេដ្ឋកិច្ចនៅឆ្នាំ២០១១ ឃើញថាអង្គភាពសេដ្ឋកិច្ចនៅឆ្នាំ២០២២ បានកើនឡើងប្រមាណ ៤៩% ជាមួយនឹងអត្រាកំណើនប្រចាំឆ្នាំ មាន ៣,៧%។នៅកំឡុងពេលដូចគ្នានេះដែរ មានអ្នកចូលរួមការងារបានកើនឡើងដល់ ៧០,៩% ដែលបណ្តាលឱ្យអត្រាកំណើនប្រចាំឆ្នាំមានប្រមាណ ៥% ដែលមានកម្រិតខ្ពស់ជាងអត្រាកំណើនប្រជាជនគួរឱ្យកត់សម្គាល់ ដែលមានប្រមាណ ១,៤% តែប៉ុណ្ណោះ។

ជាមួយគ្នានេះ ចំនួនអង្គភាពសេដ្ឋកិច្ចភាគច្រើនមានម្ចាស់ជាជនជាតិកម្ពុជា ដែលមានប្រមាណ៧៤៧.០១០ សហគ្រាស ស្មើនឹង៩៩,១% នៃអង្គភាពសេដ្ឋកិច្ចសរុបទាំងអស់ រីឯអង្គភាពសេដ្ឋកិច្ចដែលមានម្ចាស់ជាជនជាតិចិនមាន ២.៦០៨ សហគ្រាស ស្មើនឹង០,៣% ម្ចាស់ជាជនជាតិវៀតណាមមានប្រមាណ ១.៥៨១ សហគ្រាស ស្មើនឹង០,២% ម្ចាស់ជាជនជាតិអាស៊ីផ្សេងៗទៀតមាន ១.១៩៨ សហគ្រាស ស្មើនឹង០.២% និងជនជាតិកូរ៉េខាងត្បូងមាន ៤៣៩ សហគ្រាស ស្មើនឹង០.៩% ចំណែកអង្គភាពសេដ្ឋកិច្ចដែលម្ចាស់បរទេសមានភាគហ៊ុនជាមួយកម្ពុជាគឺមានតិចជាង ១% នៅឆ្នាំ២០២២៕