រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីជប៉ុនមានសមត្ថភាពផលិតបាន២០តោនក្នុងមួយថ្ងៃ កំពុងដំឡើងនៅកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

ក្រុមហ៊ុនជប៉ុន MIRATH Agri Tech Co.,Ltd ជារោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីធុនមធ្យម ដែលអាចផលិតបាន២០តោន ក្នុងមួយថ្ងៃ បច្ចុប្បន្នកំពុងដំណើរការសាងសង់នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា ក្នុងខែមករា ឆ្នាំ២០២៤នេះ ក្រុមហ៊ុនជប៉ុន MIRATH Agri Tech Co.,Ltd កំពុងបុកគ្រឹះដំឡើងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។រោងចក្រនេះ មានសមត្ថភាពផលិត ២០តោនក្នុង១ថ្ងៃ ដែលជារោងចក្រធុនមធ្យម ដើម្បីបំពេញតម្រូវការទីផ្សារជប៉ុន។

លោកបន្តថា ក្រុមហ៊ុននេះនឹងបន្តបើករោងចក្រកែច្នៃចន្ទីបន្តទៀតនៅឆ្នាំបន្តបន្ទាប់ដែលអាចស្រូបទាញគ្រាប់ឆៅប្រមាណ ២៥ ០០០តោនក្នុង១ឆ្នាំ ព្រមទាំងបើករោងចក្រគៀបប្រេងពីសំបកចន្ទីផងដែរ។ចំពោះតម្លៃរោងចក្រមិនត្រូវបានក្រុមហ៊ុនបញ្ចេញឲ្យដឹងនៅឡើយទេ ប៉ុន្តែក្រុមហ៊ុនមេ MIRATh holding ជាក្រុមហ៊ុនធំមួយនៅប្រទេសជប៉ុន។

លោកបានបន្តទៀតថា ចំណែកឯរោងចក្រដែលសិក្សាជាបន្តបន្ទាប់ទៀតនោះគឺក្រុមហ៊ុនចិន ដែលកម្ពុជាក៏កំពុងតែទាក់ទាញ ហើយបើសិនជាទាក់ទាញបាន គេនឹងមកទាំងសុំណុំ មានន័យថាមកទាំងរោងចក្រកែច្នៃស្វាយចន្ទី រោងចក្រគាបប្រេងពីសំបកស្វាយចន្ទី និងរោងចក្រកែប្រែកាកសំណល់ចុងក្រោយរបស់ស្វាយចន្ទីទៅជាធ្យូងឧស្សាហកម្មសម្រាប់ការធ្វើចំហេះរោងចក្រឧស្សាហកម្ម។

បើតាមលោក អួន ស៊ីឡុត ទោះបីជាមានវត្តមានរោងចក្រខាងលើនេះក៏ដោយ ក៏មិនទាន់គ្រប់គ្រាន់អាចកែច្នៃបំពេញតម្រូវការជប៉ុនបាននៅឡើយទេ ដោយក្រុមហ៊ុននេះនឹងបន្តបើករោងចក្រកែច្នៃចន្ទីបន្ថែមទៀតនៅឆ្នាំបន្តបន្ទាប់ ពីព្រោះតម្រូវការជប៉ុនមួយឆ្នាំ ១ម៉ឺនតោនឯណោះ។

លោកគូសបញ្ជាក់ថា សព្វថ្ងៃនេះ យើងមានរោងចក្រធុនមធ្យមអាចផលិតបានត្រឹមតែចន្លោះពី៧ពាន់ តោន ទៅ១ម៉ឺន៤ពាន់តោននោះ មានតែ៤កន្លែងប៉ុណ្ណោះ ដូច្នេះកម្ពុជាត្រូវការរោងចក្រធុនមធ្យមយ៉ាងតិច៣០ទៀត ដើម្បីកម្ពុជាអាចឱ្យតម្លៃគ្រាប់ស្វាយចន្ទីរបស់កសិករមានស្ថេរភាព អាចផ្តល់តម្លៃបន្ថែមដល់កសិករ អាចបង្កើតការងារក្នុងសហគមន៍បានច្រើនទាំងការងារផ្ទាល់ និងប្រយោល។ប៉ុន្តែសព្វថ្ងៃនេះ យើងមានរោងចក្រ៣ហើយកំពុងដំណើរការ រួមមាននៅកំពង់ចាម ត្បូងឃ្មុំ និងព្រះវិហារ។ហើយលោកសង្ឃឹមថានឹងមានរោងចក្រធុនមធ្យម២ឬ៣ទៀត នឹងកើតឡើងនៅឆ្នាំ២០២៤នេះ៕