ក្រុមហ៊ុនធំៗរបស់ជប៉ុនប្រាប់កម្ពុជាពីបំណងពង្រីកការវិនិយោគលើវិស័យវាយនភ័ណ្ឌ ជាទម្រង់ (Made in Cambodia)

សង្គម​និង​សេដ្ឋកិច្ច

សភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ដែលបណ្តុំដោយក្រុមហ៊ុនធំៗជាច្រើនបង្ហាញចំណាប់អារម្មណ៍ពង្រីកការវិនិយោគលើវិស័យវាយនភ័ណ្ឌ ក្នុងទម្រង់ជា OEM លើសម្ភារៈវាយនភ័ណ្ឌ ដែលបង្ហាញថាផលិតផល ផលិតនៅកម្ពុជា (Made In Cambodia)។ ការលើកឡើងពីបណ្តារក្រុមហ៊ុនធំៗរបស់ជប៉ុន ក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជាមួយ លោក Yoshihisa Suzuki ប្រធានគណៈកម្មាធិការកិច្ចសហប្រតិបត្តិការធុរកិច្ចមេគង្គ-ជប៉ុន នៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន នាថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Yoshihisa Suzuki បានគូសបញ្ជាក់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែបានយកចិត្តទុកដាក់ក្នុងការគាំទ្រ ជានិច្ចចំពោះការវិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅក្នុងកម្ពុជា។ ជាមួយគ្នានេះ លោកក៏បានបង្ហាញពីគោលបំណងនៃដំណើរទស្សនកិច្ចរបស់លោកក្នុងការស្វែងយល់ពីការអភិវឌ្ឃសេដ្ឋកិច្ច និងកាលានុវត្តភាពសម្រាប់ការវិនិយោគនៅកម្ពុជា  ជាពិសេសការពង្រីកការវិនិយោគលើវិស័យវាយនភ័ណ្ឌ ក្នុងទម្រង់ជា OEM លើសម្ភារៈវាយនភ័ណ្ឌ ដែលបង្ហាញថា ផលិតផល ផលិតនៅកម្ពុជា (Made In Cambodia)។

ជាការឆ្លើយតប សម្តេចធិបតី ហ៊ន ម៉ាណែត បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុននៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ដែលមានបំណងចង់ពង្រីកនូវសកម្មភាពវិនិយោគរបស់ខ្លួនបន្ថែមទៀត ខណៈសម្តេច ក៏បានគូសបញ្ជាក់អំពីភាពទាក់ទាញនៃច្បាប់ស្តីពីវិនិយោគកម្ពុជា និងគោលនយោបាយលើកទឹកចិត្តសម្រាប់វិនិយោគិន និងធុរជន ដែលធានាបាននូវភាពប្រាកដនិយមចំពោះបរិយាកាសវិនិយោគប្រកបដោយភាពអនុគ្រោះ និងភាពបត់បែន។

លើសពីនេះ សម្ដេចធិបតីសង្ឃឹមយ៉ាងមុតមាំថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាសភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុននេះ នឹងកាន់តែបង្កើននូវលទ្ធភាព និងការពង្រីកនូវសក្តានុពលវិនិយោគបន្ថែមទៀត។

សូមជម្រាបថា បច្ចុប្បន្នសភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន គឺជាស្ថាប័នសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏ធំនៅក្នុងប្រទេសជប៉ុន ហើយបច្ចុប្បន្ននេះមានការិយាល័យចំនួន ៥១៥ និងមានសមាជិកសរុបប្រមាណជាង ១,២៥ លាននាក់ ដែលផ្តោតសំខាន់លើវិស័យវាយនភ័ណ្ឌ គ្រឿងម៉ាស៊ីននិងលោហៈធាតុ ថាមពល សារធាតុគីមី អាហារ លំនៅឋាន បច្ចេកវិទ្យាព័ត៌មាន និងហិរញ្ញវត្ថុ។

ដោយឡែកចំពោះ សកម្មភាព​វិនិយោគដែលមានស្រាប់នៅកម្ពុជា​ គឺបានផ្តោតលេីវិស័យ​វាយនភ័ណ្ឌ​ ការផ្គត់ផ្គង់ឧស្ម័ននិងលេីវិស័យកសិកម្ម​ ដែលផ្តោតសំខាន់លេី​ ដំណាំល្ងជាដើម៕ អត្ថបទ៖ រង្សី