អ្នកជំនាញ៖ គម្រោងវិនិយោគជាប់គាំងក្នុងខេត្ត ព្រះសីហនុបើដោះចេញវាជះឥទ្ធិពលល្អមកលើវិស័យសំខាន់៣

សង្គម​និង​សេដ្ឋកិច្ច


អ្នកជំនាញនៅក្នុងវិស័យសំណង់និងអចលនទ្រព្យក្នុងម្នាក់ ក្រៅពីសំដែងការគាំទ្រពេញទំហឹងទៅលើរាជរដ្ឋាភិបាលបង្កើតឱ្យមានក្រុមការងារដោះស្រាយគម្រោងវិនិយោគជាប់គាំងនៅខេត្តព្រះសីហនុ មានក្តីសង្ឃឹមថាបើគម្រោងវិនិយោគនេះអាចដោះស្រាយចេញក្នុងរយៈពេលខ្លី វានឹងជះឥទ្ធិពលល្អ ទៅលើវិស័យសំខាន់ចំនួន៣មានវិស័យវិនិយោគ ទេសចរណ៍និងវិស័យសំណង់និងអលចនទ្រព្យ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
លោក វ៉ា វីរៈ

លោក វ៉ា វីរៈ នាយកក្រុមហ៊ុន Century 21 Fortuna Investment បានឱ្យដឹងថា ការបងើ្កតក្រុមការងារដោះស្រាយគម្រោងវិនិយោគអគារជាប់គាំងនៅខេត្តព្រះសីហនុ នេះជាយុទ្ធសាស្ត្រមួយរបស់រាជរដ្ឋាភិបាលដើម្បីជួយដោះស្រាយ និងជួយជំរុញទៅលើវិស័យអចលនទ្រព្យដែលបានជួបបញ្ហាអស់រយៈពេលជាច្រើនឆ្នាំ។

លោកបន្តថា« ការដោះស្រាយគម្រោងវិនិយោគជាប់គាំងនៅខេត្តព្រះសីហនុនេះ រាជរដ្ឋាភិបាលចង់ឱ្យមានការដោះស្រាយបានច្រើននៅក្នុងឆ្នាំ២០២៤នេះ ហើយបើការដោះស្រាយគម្រោងវិនិយោគអគារជាប់គាំងនេះបាននៅក្នុងរយៈពេលខ្លីបង្ហាញឱ្យឃើញនូវលទ្ធផលល្អ វានិងជះឥទ្ធិពលមកលើការវិនិយោគ វិស័យទេសចរណ៍ និងវិស័យអចលនទ្រព្យក្នុងព្រះរាជាណាចក្រកម្ពុជានាពេលខាងមុខ»។

ទាក់ទងជាមួយគម្រោងវិនិយោគជាប់គាំងនៅខេត្តព្រះសីហនុ បើយោងតាម លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថ្មីៗនេះបញ្ជាក់ថា ចូលមកដល់ឆ្នាំ ២០១៦ ការវិនិយោគក្នុងខេត្តព្រះសីហនុមានការកើនឡើងយ៉ាងខ្លាំងនៅសំណង់អគារក្នុងខេត្តព្រះសីហនុ។ តែមកដល់ឆ្នាំ២០១៩ នៅពេលមានការវិវត្តទៅលើស្ថានភាពសង្គម-សេដ្ឋកិច្ច រួមមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និង បញ្ហាប្រឈមជាសកលផ្សេៗបានបណ្តាលឱ្យសំណង់អគារជាច្រើន ត្រូវបានផ្អាក ឬបញ្ឈប់ដំណើរការសាងសង់។

លោកបន្តថា អគារត្រូវបានផ្អាកដំណើរការសាងសង់នៅខេត្តព្រះសីហនុមានចំនួន ៣៦២ អាគារដែលត្រូវការទុនវិនិយោគបន្ថែម ប្រមាណ ១ ១៦១លានដុល្លារអាម៉េរិក សម្រាប់បញ្ចប់ការសាងសង់ ខណៈអគារពុំទាន់បានដាក់ដំណើរការប្រើប្រាស់មានចំនួន ១៧៦អគារ ។

យោងតាមរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា អត្ថប្រយោជន៍ពិសេស របស់រាជរដ្ឋាភិបាល ដែលផ្ដល់នៅក្នុង « គម្រោងវិនិយោគពាក់ព័ន្ធនឹងអគារជាប់គាំង» រួមមាន៖ ⁃ ការលើកលែងពន្ធលើប្រាក់ចំណូល, ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា រយៈពេល ៣ ឆ្នាំ បន្ថែម ⁃ ការលើកលែងអាករលើតម្លៃបន្ថែម តាមអត្រាសូន្យភាគរយ ចំពោះការសាងសង់ បញ្ចប់ និងការជួសជុលកែលម្អលើអគារដែលជាប់គាំង ⁃ ការលើកលែងពន្ធកាត់ទុក លើការជួលអចលនទ្រព្យ រយៈពេល ៥ ឆ្នាំ ⁃ ការលើកលែងពន្ធអចលនទ្រព្យ និងការលើកលែងទណ្ឌកម្មរដ្ឋបាល ⁃ ការលើកលែងការបង់ថ្លៃសេវាសាធារណៈ និងថ្លៃលើសសន្ទស្សន៍ប្រើប្រាស់ដី ចំពោះ ការស្នើសុំលិខិតអនុញ្ញាតពាក់ព័ន្ធនឹងការសាងសង់ ⁃ ការសម្រួលនីតិវិធី និង បែបបទ នៃការស្នើសុំលិខិតអនុញ្ញាត ពីអាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធនឹងការងារសំណង់ ⁃ ការផ្តល់ការអនុគ្រោះ លើថ្លៃត្រួតពិនិត្យ និងការបញ្ជាក់ផ្សេងៗពាក់ព័ន្ធសំណង់; ការសម្រួលបែបបទ និងនីតិវិធីវិនិយោគ និងធុរកិច្ច រួមទាំងការស្នើសុំអាជ្ញាបណ្ណ វិញ្ញាបនបត្រ និងលិខិតអនុញ្ញាតនានា ⁃ ការរៀបចំគោលការណ៍ និងការសម្របសម្រួលបង្កើតទីផ្សារលក់ឡៃឡុងអចលនទ្រព្យ ព្រមទាំងការផ្តល់សេវាផ្គូផ្គងវិនិយោគិន រួមទាំងការកំណត់តម្លៃយោង (Reference- Price) សម្រាប់អចលនទ្រព្យក្នុងខេត្តព្រះសីហនុ ⁃ និង ការជំរុញការប្រើប្រាស់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ស្របតាម បទប្បញ្ញតិច្បាប់ ចំពោះវិវាទដែលពាក់ព័ន្ធនឹងការវិនិយោគ ៕ តាកែវ