នាយករដ្ឋមន្រ្តីថៃ រៀបចំពិធីបដិសណ្ឋារកិច្ចផ្លូវការយ៉ាងកក់ក្តៅស្វាគមន៍វត្តមានសម្តេចធិបតី ហ៊ុន ម៉ាណែត

សង្គម​និង​សេដ្ឋកិច្ច

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងបាងកក ប្រទេសថៃ នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ តបការអញ្ជើញពីនាយករដ្ឋមន្រ្តីលោក សេដ្ឋា ថាវីស៊ីន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បន្ទាប់ពីចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានដល់អាកាសយានដ្ឋានយោធា ដនមឿន រាជធានីបាងកក ប្រកបដោយសុវត្ថិភាព ដោយមានការទទួលបដិសណ្ឋារកិច្ចពីសំណាក់លោក ប៉ានព្រី បាហិថានុការ៉ា (Parnpree Bahiddha-Nukara) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសថៃ។

ក្នុងដំណើរអញ្ជើញដល់សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបាននាយករដ្ឋមន្រ្តីថៃ លោក សេដ្ឋា ថាវីស៊ីន ទទួលបដិសណ្ឋារកិច្ចផ្លូវការយ៉ាងកក់ក្តៅ អមដោយកម្មវិធីត្រួតពលដែលប្រារព្ធធ្វើឡើងនៅវិមានរាជរដ្ឋាភិបាលថៃ ក្នុងរាជធានីបាងកក។

បន្ទាប់ពីពិធីត្រួតពលកងកិត្តិយស នៃកងភូមិន្ទថៃរួចមកសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលអមដំណើរដោយផ្ទាល់ពីនាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន អញ្ជើញធ្វើគារវកិច្ចដោយផ្ទាល់ចំពោះលោក លោកស្រី ជាឥស្សរជនជាន់ខ្ពស់រាជរដ្ឋាភិបាលថៃ-កម្ពុជា និងលោក លោកស្រីជាឥស្សរជនការទូត នៃបណ្តាប្រទេសជាមិត្តនានាប្រចាំនៅថៃផងដែរ៕