ឆ្នាំ២០២៤ ចំនួនអ្នកមានការងារនៅកម្ពុជាត្រូវបានព្យាករថានឹងបន្តរក្សាបានកំណើនប្រមាណ ២,៣%

សង្គម​និង​សេដ្ឋកិច្ច

នៅឆ្នាំ២០២៤សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងមានកំណើនប្រមាណ ៦,៦% បើទោះបីជាសាកលលោកបន្តប្រឈមនឹងភាពមិនប្រាកដប្រជា។ស្របពេលជាមួយគ្នានេះចំនួនអ្នកមានការងារនៅកម្ពុជា ត្រូវបានព្យាករថានឹងបន្តរក្សាបានកំណើន ប្រមាណជា ២,៣% ឬកើនឡើងបន្ថែមប្រមាណ ២២ម៉ឺននាក់។នេះបើតាមព្រឹត្តិបត្រព័ត៌មានទីផ្សារការងាររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រឹត្តិបត្រព័ត៌មានទីផ្សារការងារដែលជាទស្សនវិស័យសេដ្ឋកិច្ចទីផ្សារការងារកម្ពុជាឆ្នាំ២០២៤ បានបង្ហាញកាលពីថ្ងៃទី០៨ ខែកុម្ភៈ ថាចំនួនអ្នកមានការងារនៅកម្ពុជាឆ្នាំ២០២៤ត្រូវបានព្យាករថានឹងបន្តរក្សាបានកំណើនប្រមាណជា ២,៣% ឬកើនឡើងបន្ថែមប្រមាណ ២២ម៉ឺននាក់។ក្នុងនោះ វិស័យកសិកម្មត្រូវបានព្យាករថាថយចុះក្នុងអត្រា-៣,៩% ឬថយចុះប្រមាណ ១១,២ ម៉ឺននាក់។

ចំណែកវិស័យឧស្សាហកម្មត្រូវបានព្យាករថានឹងកើនឡើង ៥,៣% ឬកើនឡើងប្រមាណ ១៤,៧ម៉ឺននាក់ និងវិស័យសេវាកម្មត្រូវបានព្យាករថានឹងកើនឡើង ៤,៩% ឬកើនឡើងប្រមាណ ១៨,១ម៉ឺននាក់។

បើតាមប្រភពដដែលបានគូសបញ្ជាក់ថា ចន្លោះឆ្នាំ២០២៤-២០២៦ ខាងមុខ កម្ពុជាក៏បានព្យាករថានឹងអាចបង្កើតការងារបន្ថែមជូនប្រជាពលរដ្ឋប្រមាណ ២៣,៥ម៉ឺននាក់ក្នុងមួយឆ្នាំ។ កំណើនការងារជាមធ្យមប្រមាណ ២,៥% ក្នុងមួយឆ្នាំនឹងធ្វើឱ្យចំនួនអ្នកមានការងារសរុបកើន ឡើងដល់ប្រមាណ ១០,២លាននាក់ នៅឆ្នាំ២០២៦ផងដែរ៕