គិតមកដល់បច្ចុប្បន្ន ចិនជួយសាងសង់ស្ពានធំៗឆ្លងទន្លេនៅកម្ពុជាសរុបចំនួន១៦

សង្គម​និង​សេដ្ឋកិច្ច

គិតមកទល់បច្ចុប្បន្ននេះ ស្ពានធំៗ ដែលបានសាងសង់ក្រោមឥណទានសម្បទានពី សាធារណរដ្ឋប្រជាមានិតចិននៅកម្ពុជាសរុបមានចំនួន១៦ ខណៈស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ដែលកំពុងបើកការដ្ឋានសាងសង់ គឺជាស្ពានទី១៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈផេកផ្លូវការក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ថា បើគិតក្នុងចំណោមស្ពានធំៗ ដែលបានសាងសង់ក្រោមឥណទានសម្បទានពី សាធារណរដ្ឋប្រជាមានិតចិននៅកម្ពុជាមកដល់បច្ចុប្បន្នមាន១៦ស្ពាន រួមមាន ១.ស្ពានមិត្តភាពកម្ពុជា-ចិន(សេកុងស្ទឹងត្រែង) ២,ស្ពានមិត្តភាព កម្ពុជា-ចិន(ព្រែកក្ដាម) ៣, ស្ពានមិត្តភាពកម្ពុជា-ចិន(ព្រែកតាមាក់) ៤, ស្ពានមិត្តភាពកម្ពុជា-ចិន (ជ្រោយចង្វារទី២) ៥, ស្ពានមិត្តភាពកម្ពុជា-ចិន(មេគង្គស្ទឹងត្រែង) ៦, ស្ពានមិត្តភាពកម្ពុជា-ចិន (តាខ្មៅ) ៧, ស្ពានមិត្តភាពកម្ពុជា-ចិន(កោះធំ) ៨, ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន(សែនសុខ) ៩, ស្ពានមិត្តភាពកម្ពុជា-ចិន(ស្ទឹងត្រង់-ក្រូចឆ្មារ) ១០, ស្ពានមិត្តភាពកម្ពុជា-ចិន(កោះអន្លង់ចិន) ១១, ស្ពាន មិត្តភាពកម្ពុជា-ចិន(ឆ្លងកាត់ទន្លេមេគង្គក្រចេះ) ១២-១៥, ស្ពានរំលង ឬស្ពានអាកាសចំនួន ៤កន្លែង (កាត់ពី លើផ្លូវជាតិលេខ៤ លេខ៣ លេខ២ និងលេខ២១) ដែលជាផ្នែកនៃគម្រោងផ្លូវក្រវាត់ក្រុងទី៣ និង១៦, ស្ពាន ឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា)។

គួរឱ្យដឹងថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់តំបន់ចាក់អង្រែក្រោម-ព្រែកប្រាដែលជាស្ពានទី១៦ មានប្រវែងសរុប ១៦៥០ម៉ែត្រ ទទឹង ២៧ម៉ែត្រ ដែលមានសម្រាប់រថយន្តចំនួន ២គន្លងទៅមក សម្រាប់ទោចក្រយានយន្តចំនួន ១គន្លងទៅមក និងសម្រាប់ថ្មើរជើង ១គន្លងទៅមក ។ គម្រោងស្ពាននេះ សាងសង់ក្នុងរយៈពេល ៤២ខែ។

បើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានចាក់អង្រែក្រោមព្រែកប្រា នាព្រឹកថ្ងៃចន្ទ ទី១៩ ខែកុម្ភៈថា កន្លងមកចិនបានជួយសាងសង់ស្ពានធំៗឆ្លង កាត់ទន្លេនៅកម្ពុជាបានចំនួន ១៦ ស្ពានរួចហើយ។ហើយប្រទេសចិន គឺជាប្រទេសដែលឈរនៅលំដាប់ទី១ ដែលបានផ្ដល់ឥណទាន និងជំនួយផ្សេងៗ ដើម្បីជំរុញការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ផ្លូវនៅកម្ពុជា។

ជាមួយគ្នានោះ សម្តេចធិបតី ក៏បានស្នើដល់រដ្ឋាភិបាលចិន បន្តជួយដល់គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ក៏ដូចជាការវិនិយោគលើគម្រោងធំៗបន្ថែមទៀតផងដែរ៕