លោក ផាន់ ផល្លារ៖ សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៤នេះនឹងងើបល្អប្រើសើរឡើងវិញ

សង្គម​និង​សេដ្ឋកិច្ច

មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គូសបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៤នេះ នឹងងើបល្អប្រើសើរឡើងវិញ ដែលធ្វើឱ្យផលិតផលក្នុងស្រុកសរុប ( ផសស) ថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វង់ ១៤២.៩៥៧ប៊ីលានរៀល ស្មើនឹងប្រមាណ ៣៥.១៦៨ លានដុល្លារអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងវេទិការសាធារណៈស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២៤ នៅសណ្ឋាគារ ហៃយ៉ាត់ រីជេនស៊ី របស់អ្នកឧកញ៉ា លាង ឃុន កាលពីថ្ងៃចន្ទ ទី១៩ ខែកុម្ភៈម្សិលមិញលោក ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ ២០២៤នេះ ត្រូវបានព្យាករណ៍ថានឹងងើបល្អប្រើសើរឡើងវិញ ហើយរំពឹងថានឹងសម្រេចបានកំណើនក្នុងរង្វង់ ៦,៦% ដែលធ្វើឱ្យផលិតផលក្នុងស្រុកសរុប ( ផសស) ថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វង់ ១៤២.៩៥៧ប៊ីលានរៀល ស្មើនឹងប្រមាណ ៣៥.១៦៨ លានដុល្លារអាម៉េរិក ស្របពេលដែល ផសស សម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងថា នឹងកើនឡើងដល់ ២០៧១ដុល្លារអាម៉េរិក បើប្រៀបធៀបនឹង ១.៩១៧ល្លារអាមេរិក ក្នុងឆ្នាំ ២០២៣។

លោកបន្តថា ស្របពេលសេដ្ឋកិច្ចសកលនៅក្នុងប្រទេសដៃគូពាណិជ្ជកម្មរបស់កម្ពុជាមានភាពល្អប្រសើរជាងមុន ខណៈដែលវិស័យមួយចំនួននៅក្នុងស្រុក បានងើបឡើងល្អប្រសើរផងដែរ ដូចជាវិស័យមិនមែនកាត់ដេរ បាននិងកំពុងបន្តនិន្នការនាំចេញមានកំណើនកើនឡើង, វិស័យទេសចរណ៍ នឹងកើនឡើងជាងឆ្នាំ ២០២៣ រួមជាមួយការងើបឡើងវិញនៃវិស័យកាត់ដេរ, ជាក់ស្តែងវិស័យកាត់ដេរនៅក្នុងដើមឆ្នាំ២០២៤នេះ បាននាំចេញមានតម្លៃខ្ពស់ជាងការនាំចេញក្នុងរយៈពេលដូចគ្នាឆ្នាំ២០២៣។

សម្រាប់អត្រាប្តូរប្រាក់រៀល លោកលើកឡើងថា គឺនៅតែបន្តស្ថិតនៅក្នុងរង្វង់ ៤.០៦៥រៀល ក្នុងមួយដុល្លារអាមេរិក ក្នុងឆ្នាំ ២០២៤។ លោកបន្ថែមថា ឱនភាពគណនីចរន្ត ត្រូវបានព្យាករថា នឹងរួមតូចបន្តិចមកត្រឹម ៩,៦% នៃ ផសស ដោយសារការរំពឹងទុកលើការបន្តកើនឡើងនូវការនាំចេញ និងចំណូលពីវិស័យទេសចរណ៍។ ចំណែកឯទុនបម្រុងអន្តរជាតិសរុប ត្រូវបានរំពឹងថា នឹងកើនឡើងដល់ ២១,២៨ពាន់លានដុល្លារអាម៉េរិក និងធានាការនាំចូលបាន ៦,៦ខែ។

លើសពីនេះ បើតាមលោក ផាន់ ផល្លារ កម្ពុជាក៏បានបង្កើនការប្រុងប្រយ័ត្នខ្ពស់ផងដែរសម្រាប់ឆ្នាំ២០២៤នេះ ក្នុងបរិបទនៃការកើនឡើងនូវបញ្ហាប្រឈម និងហានិភ័យទាំងក្នុង និងក្រៅប្រទេស ដែលបាន និងកំពុងបង្កការគំរាមមកលើចីរភាព និងនិរន្តរភាពនៃការអភិវឌ្ឍ៕