កម្ពុជា-ម៉ាឡេស៊ី ឯកភាពលើកិច្ចគាំទ្រការសម្របសម្រួលសម្រាប់គម្រោងខ្សែបញ្ជូនថាមពលក្រោមសមុទ្រ

សង្គម​និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និង លោក ដាតុ ស៊េរី អាន់វ៉ា អ៉ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានក្នុងការគាំទ្រការសម្របសម្រួលសម្រាប់គម្រោងខ្សែបញ្ជូនថាមពលក្រោមសមុទ្រ ដើម្បីទំនាក់ទំនងរវាងកម្ពុជា-ម៉ាឡេស៊ី នឹងកាន់តែរឹងមាំ និងអាចឈានដល់កម្រិតទំនាក់ទំនងខ្ពស់បន្ថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការសម្រេចឯកភាពនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងជំនួបពិភាក្សារវាងថ្នាក់ដឹកនាំទាំងពីរ ក្នុងឱកាសសម្តេច ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសម៉ាឡេស៊ី។

ក្នុងកិច្ចពិភាក្សានោះ សមភាគីទាំងពីរ បានលើកឡើងពិភាក្សាពីវិស័យសន្តិសុខថាមពល ដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានសម្រេចឯកភាពគ្នា ក្នុងការគាំទ្រការសម្របសម្រួលសម្រាប់គម្រោងខ្សែបញ្ជូនថាមពលក្រោមសមុទ្រ (ឡាវ-កម្ពុជា-សិង្ហបុរី) ដោយឆ្លងកាត់បាតសមុទ្ររបស់ប្រទេសម៉ាឡេស៊ី។

ថ្លែងក្នុងជំនួបនេះ លោក ដាតុ ស៊េរី អាន់វ៉ា អ៉ីប្រាហ៊ីម បានស្វាគមន៍ចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសម៉ាឡេស៊ី របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ខណៈលោកថា តាមរយៈដំណើរទស្សនកិច្ចផ្លូវការនេះ ទំនាក់ទំនងទ្វេភាគីកម្ពុជា-ម៉ាឡេស៊ី នឹងកាន់តែរីកចម្រើន និង រឹងមាំបន្ថែមទៀត។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសម្តែងនូវក្តីរីករាយចំពោះជំនួបពិភាក្សាការងារទ្វេភាគីនេះ ខណៈសម្តេចចាត់ទុកថា តាមរយៈការធ្វើទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ម៉ាឡេស៊ីកាលពីខែមីនា ឆ្នាំមុន និងដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី នាឱកាសនេះ នឹងរួមចំណែកក្នុងការធ្វើឱ្យទំនាក់ទំនងដ៏យូរលង់រវាងកម្ពុជា-ម៉ាឡេស៊ី កាន់តែស៊ីជម្រៅថែមទៀតផងដែរ៕ អត្ថបទ៖ រង្សី