អ្នកជំនាញ៖ តម្លៃជ្រូករស់បង្ហាញសញ្ញាងើបឡើងវិញ ហើយ កសិករអាចលក់បានតម្លៃស្មើថ្លៃដើមផលិតក្នុងរដូវចូលឆ្នាំខ្មែរ

សង្គម​និង​សេដ្ឋកិច្ច

ក្រោយពីរាជរដ្ឋាភិបាលសម្រេច ផ្អាកបណ្តោះអាសន្នមិនឱ្យមានការនាំចូលបំណែកសាច់បង្កក និងគ្រឿងក្នុង ចូលក្នុងស្រុកកាលពីថ្ងៃទី១២មីនា ឆ្នាំ២០២៤មក អ្នកជំនាញក្នុងវិស័យចិញ្ចឹមសត្វក្នុងស្រុកបានសង្កេតឃើញថា តម្រូវការក៏ដូចជាតម្លៃជ្រូករស់បានបង្ហាញសញ្ញាងើបឡើងវិញខ្លះហើយ តម្លៃចាប់ពីក្រោម៨០០០រៀល កើនមកថ្លៃ៨៦០០រៀលក្នុងមួយគីឡូក្រាមគិតត្រឹមចុងខែមីនា ហើយតម្លៃនេះអាចកើនដល់ស្មើថ្លៃដើមផលិតជាង៩០០០រៀលនៅក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលដ៏ខ្លីខាងមុខនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកចិញ្ចឹមជ្រូកកម្ពុជាបានឱ្យដឹងថា បន្ទាប់ពីរាជរដ្ឋាភិបាលសម្រេចផ្អាកបណ្តោះអាសន្នមិនឱ្យមានការនាំចូលបំណែកសាច់បង្កក និងគ្រឿងក្នុងសត្វ កាលពីថ្ងៃទី១២ ខែមីនាមក លោកបានសង្កេតឃើញថាតម្រូវការ និងតម្លៃជ្រូករស់ចាប់ផ្តើមឡើងថ្លៃបន្តិចខ្លះវិញហើយ មកដល់សព្វថ្ងៃនេះ ពោលតម្លៃជ្រូកបានកើនឡើងពី៥០០ទៅ៦០០រៀលក្នុងមួយគីឡូក្រាមជ្រូករស់។

លោក លី ឡាវីល បន្តថា ដូចនេះក្រោយពីយើងបិទមិនឱ្យនាំចូលបំណែកសាច់បង្កកមកពីខាងក្រៅ ឃើញថាតម្លៃជ្រូកមានសញ្ញាល្អ ពោលការផ្គត់ផ្គង់សាច់បង្កកនៅលើទីផ្សារមានការថយចុះ ធ្វើឱ្យប្រជាពលរដ្ឋដែលជាអ្នកលក់សាច់ស្រស់នៅលើទីផ្សារ គាត់អាចលក់បានច្រើនជាងមុន ជួយទាញតម្លៃជ្រូករស់ឡើងវិញបន្តិចខ្លះហើយ។

លោក លី ឡាវីល សង្កត់ធ្ងន់ថា «ដូចនេះនៅក្នុងរយៈ៦ខែ នៃការបិទបណ្តោះអាសន្នមិនឱ្យនាំចូលសាច់បង្កកពីខាងក្រៅនេះ បានជំរុញឱ្យតម្លៃសត្វក្នុងស្រុកជួយឱ្យកសិករមានសង្ឃឹមឡើងវិញ។ ពោលបើគិតត្រឹមចុងខែមីនានេះតម្លៃជ្រូករស់បានកើនឡើងពីថ្លៃក្រោម៨ ០០០រៀល មកនៅតម្លៃ៨៤០០ទៅ៨៨០០រៀលក្នុងមួយគីឡូក្រាម។ ប៉ុន្តែតម្លៃនេះ សម្រាប់អ្នកចិញ្ចឹមជ្រូកក្នុងស្រុកនៅមិនទាន់អាចទទួលបានប្រាក់ចំណេញត្រឡប់មកវិញទេ បានត្រឹមតែកាត់បន្ថយការខាត់បង់ ហើយទម្រាំដល់រដូវចូលឆ្នាំខ្មែរ តម្រូវការជ្រូករស់ខ្ពស់យើងសង្ឃឹមថាតម្លៃអាចឡើងដល់ថ្លៃដើមផលិត៩៤០០រៀលទៅ៩៥០០រៀលក្នុងមួយគីឡូក្រាម»។

ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកចិញ្ចឹមសត្វលើកឡើងថា វិស័យចិញ្ចឹមសត្វ នៅតែជាវិស័យអាទិភាពសម្រាប់រាជរដ្ឋាភិបាលគិតគូយូរអង្វែង ក៏ប៉ុន្តែត្រូវការថ្លឹងថ្លែងទៅលើថ្លៃដើមផលិតសត្វ។ ដូចនេះអ្នកចិញ្ចឹមសត្វលក្ខណៈគ្រួសារ គាត់ត្រូវប្រកាន់គោលជំហរ ត្រូវធ្វើឱ្យខ្លួនឯងឱ្យជាកសិករពិតប្រាកដ បើចង់ចិញ្ចឹមសត្វទទួលបានប្រាក់ចំណេញ ត្រូវចេះរកកាកសំណល់ផ្ទះបាយផ្សេងៗយកមកចិញ្ចឹមសត្វរបស់ខ្លួនទើបអាចរស់បានសម្រាប់បរិបទទៅថ្ងៃខាងមុខ។ តែបើធ្វើលើសពីលក្ខណៈគ្រួសារ ឬធ្វើជាកសិដ្ឋានចិញ្ចឹមសត្វខ្នាតតូចគឺគាត់មិនអាចរស់បានទេ ព្រោះត្រូវការទិញចំណីនៅតាមរោងចក្រដែលមានថ្លៃដើមខ្ពស់ វាប្រឈមការខាតបង់ប្រាក់ច្រើន ព្រោះត្រូវគិតអំពីអតិផរណានៃតម្លៃចំណី អ៊ីចឹងតម្លៃសត្វមិនអាចឡើងថ្លៃខ្ពស់លើសពី១ម៉ឺនរៀលក្នុងមួយគីឡូក្រាមបានទេ៕ តាកែវ