សម្តេចធិបតី៖ ការបង្ហាញក្បាច់គុនល្បុកត្តោ និងក្បាច់គុនសៅលីញ បានជួយផ្សព្វផ្សាយប្រាសាទខ្មែរ  ទៅកាន់ពិភពលោក

សង្គម​និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកថា ការសម្តែងរួមគ្នារវាងក្បាច់គុនសៅលីញ និងក្បាច់គុនល្បុកត្តោ បានជួយជំរុញក្នុងការផ្សព្វផ្សាយប្រាសាទខ្មែរ  ទៅកាន់ពិភពលោកកាន់តែខ្លាំងថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមបណ្តាញតេឡេក្រាមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ បានលើកឡើងថា វីដេអូនៃការផ្លាស់ប្តូរ បទពិសោធន៍  និងបង្ហាញពីក្បាច់គុនល្បុក្កតោកម្ពុជា រួមជាមួយនឹងក្បាច់គុនសៅលីញចិន  ក្នុងព្រឹត្តិការណ៍ ផ្លាស់ប្ដូរ វប្បធម៌  បានធ្វើឡើងនៅមុខប្រាសាទបាយ័ន  ទឹកដីអង្គរ  ខេត្តសៀមរាប  នៃព្រះរាជាណាចក្រកម្ពុជា  ពិតជាបានផ្តល់នូវភាពទាក់ទាញ  និងអនុស្សាវរីយ៍ល្អ  ជាពិសេសជំរុញក្នុងការផ្សព្វផ្សាយប្រាសាទខ្មែរ  ទៅកាន់ពិភពលោក។

ជាមួយគ្នានេះ សម្តេចធិបតី បានស្នើដែរថា៖« សូមបងប្អូន  អ៊ំពូមីង  តាយាយ  ជួយគាំទ្រ  និងចែករំលែកឱ្យបានច្រើន  ពិសេសចូលរួមផ្សព្វផ្សាយពីសម្បត្តិវប្បធម៌  តំបន់ទេសចរណ៍  សម្រស់កម្ពុជាកាន់តែច្រើន  ដើម្បីទាក់ទាញទេសចរណ៍មកកាន់កម្ពុជា  និងលើកកម្ពស់កម្រិតជីវភាពយើងកាន់តែល្អប្រសើរតាមរយ:ឧស្សាហកម្ម ទេសចរណ៍គ្មានផ្សែងនៅកម្ពុជាយើង»។

សូមបញ្ជាក់ដែរថា ដើម្បីជំរុញនូវយុទ្ធនាការ «ទស្សនាសៀមរាប ឆ្នាំ២០២៤» ក៏ដូចជាអបអរសាទរ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤» ក្រសួងទេសចរណ៍កម្ពុជា និងរដ្ឋបាលប្រជាជនខេត្តហឺណាន និងរដ្ឋបាលខេត្តសៀមរាប បានសហការរៀបចំព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងការសម្ដែងក្បាច់គុនសាវលីញ និងគុនល្បុក្កតោនៅអង្គរ (When Shaolin Meets Bokator At Angkor) ដ៏អស្ចារ្យ នៅបរិវេណខាងជើងប្រាសាទបាយ័ន កាលព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ដោយសម្តែងរួមគ្នារវាងក្បាច់គុនសៅលីញ និងក្បាច់គុនល្បុកត្តោ ក្នុងគោលបំណងផ្សព្វផ្សាយគោលដៅទេសចរណ៍ និងវប្បធម៌រួមគ្នា ដើម្បីទាក់ទាញអ្នកទេសចរមកកាន់កម្ពុជាកាន់តែច្រើន ដោយស្វែងយល់អំពីសក្តានុពលទេសចរណ៍ វប្បធម៌ អរិយធម៌ និងទំនៀមទម្លាប់ប្រជាជនកម្ពុជាផងដែរ។

ជាថ្មីម្តងទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត  ក៏បានលើកទឹកចិត្ត និងវាយតម្លៃខ្ពស់ឱ្យបន្តកិច្ចការរៀបចំការផ្លាស់ប្តូរវប្បធម៌ និងផ្សព្វផ្សាយវប្បធម៌ទាំងទ្វេភាគី និងពហុភាគី ដើម្បីជាការផ្សព្វផ្សាយសក្តានុពលរបស់កម្ពុជា និងទាក់ទាញអ្នកទេសចរអន្តរជាតិឱ្យបានកាន់តែច្រើនជាអតិបរមាថែមទៀត៕