សហព័ន្ធស្រូវអង្ករកម្ពុជា នឹងដឹកនាំក្រុមហ៊ុននាំចេញអង្ករឈានមុខ៤ ចូលរួមតាំងបង្ហាញអង្ករក្នុងពិព័រណ៍ នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត

សង្គម​ និង​សេដ្ឋកិច្ច

សហព័ន្ធស្រូវអង្ករកម្ពុជា នឹងដឹកនាំក្រុមហ៊ុននាំចេញអង្ករនាំមុខចំនួន៤ ដើម្បីចូលរួមតាំងបង្ហាញនូវផលិតផលអង្ករដែលមានគុណភាពល្អបំផុតរបស់កម្ពុជា និងធ្លាប់បានឈ្នះពាន់រង្វាន់អង្ករល្អបំផុតពិភពលោក នៅក្នុងការតាំងពិព័រណ៍ The Saudi Food Show នៅទីក្រុងរីយ៉ាត ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូងអង្ករកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា ក្រោមកិច្ចយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការជំរុញការនាំចេញផលិតផលកសិកម្មកម្ពុជាដែលក្នុងនោះក៏មានអង្ករផងដែរ តាមរយៈថវិការបដិភាគាគរបស់សហគ្រិនខ្មែរ (Khmer Enterprise) សហព័ន្ធស្រូវអង្ករកម្ពុជានឹងដឹកនាំក្រុមហ៊ុននាំចេញនាំមុខចំនួន ៤ ក្រុមហ៊ុន រួមមាន ១)- KAMPONG THOM RICE MILL LIMITED ៣)- KHMER FOODS GROUP CO., LTD ៤)- PRIMALIS CORPERATION, LTD., ៥)- SINGATURE OF ASIA CO., LTD ដើម្បីចូលរួមតាំងបង្ហាញនូវផលិតផលអង្ករដែលមានគុណភាពល្អបំផុតរបស់កម្ពុជា និងធ្លាប់បានឈ្នះពាន់រង្វាន់អង្ករល្អបំផុតពិភពលោក នៅក្នុងការតាំងពិព័រណ៍ The Saudi Food Show នៅទីក្រុង រីយ៉ាត ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ដែលកម្មវិធីនេះនឹងប្រព្រឹត្តិឡើងពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។

បើតាមសហព័ន្ធស្រូវអង្ករកម្ពុជា ការចូលរួមតាំងពិព័រណ៍ពាណិជ្ជកម្ម The Saudi Food Show នេះគឺ អនុវត្តន៍តាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលក្នុងការធ្វើពិពិធកម្មទីផ្សារ ជាពិសេសទីផ្សារនៅក្នុងតំបន់មជ្ឈឹមបូព៌ារ និងអាហ្វ្រិក ដែលទីផ្សារមជ្ឈឹមបូព៌ា កំពុងរីកចម្រើនជាលំដាប់ ជាពិសេសប្រទេស Saudi Arabia បានកើនឡើងពី ១១៨ តោននៅឆ្នាំ២០១៥ កើនដល់ ៧ ៤៧១ តោននៅឆ្នាំ២០២៣។

សូមជម្រាបជូនថា ពិព័រណ៍ពាណិជ្ជកម្មចំណីអាហារ The Saudi Food Show ជាកម្មវិធីធំខ្នាតអន្តរជាតិរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងសម្រាប់តំបន់មជ្ឈឹមបូព៌ាដែលរៀបចំឡើងជារៀងរាល់ឆ្នាំ និងមានក្រុមហ៊ុនចូលរួមប្រមាណជាជាង ១ ០០០ ក្រុមហ៊ុន មកពីជាង ៩០ប្រទេសលើពិភពលោក ដែលបង្ហាញផលិតផលគុណភាពលំដាប់ខ្ពស់បំផុតចំនួនជាង ១០០ ០០០ ម៉ាកផលិតផលចំណីអាហារ។

ការចូលរួមព្រឹត្តិការណ៍ The Saudi Food Show នេះ គឺជាការចូលរួមលើកដំបូងរបស់ប្រទេសកម្ពុជា ដែលសហព័ន្ធស្រូវអង្ករកម្ពុជាបានរៀបចំនូវពន្លាជាតិមួយយ៉ាងស្រស់ស្អាតទំហំ ៦០ម៉ែត្រការ៉េ៕