ទំនិញកម្ពុជានាំចេញទៅទីផ្សារអន្តរជាតិ៥ខែមកនេះ កើនឡើងជាង១៥% គិតជាទឹកប្រាក់ជាង ១០ពាន់លានដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

ក្នុងរយៈពេល៥ខែ ឆ្នាំ២០២៤នេះ កម្ពុជាបានសម្រេចការនាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិជាង១០,០៧ពាន់លានដុល្លារ មានការកើនឡើង១៥,៤% ខណៈការនាំចូលមកវិញសម្រេចបាន១១,២៦ពាន់លានដុល្លារ។នេះបើតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

របាយការណ៍ខាងលើ បានឲ្យដឹងថា រយៈពេល ៥ខែ ក្នុងឆ្នាំ២០២៤ កម្ពុជា សម្រេចបានទំហំពាណិជ្ជកម្មជាង ២១,៣៣ពាន់លានដុល្លារ កើនឡើង ១៣,៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដែលមានទំហំពាណិជ្ជកម្ម ១៨,៨៣ពាន់លានដុល្លារ។

ក្នុងនោះ ទំនិញដែលកម្ពុជាបាននាំចេញទៅទីកាន់ទីផ្សារអន្តរជាតិសម្រេចបានជាង ១០,០៧ពាន់លានដុល្លារ មានការកើនឡើងចំនួន ១៥,៤% ខណៈទំនិញនាំចូលមកវិញសម្រេចបាន ១១,២៦ពាន់លានដុល្លារ កើនឡើងប្រមាណ១១,៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានបញ្ជាក់បន្ថែមថា ទំនិញដែលកម្ពុជា នាំចេញមានដូចជា សម្លៀកបំពាក់ គ្រឿងបន្ទាប់បន្សំដែលធ្វើពីក្រណាត់ ធញ្ញជាតិ ឈើ និងវត្ថុធ្វើពីឈើ ធ្យូងឈើ បន្លែដែលអាចបរិភោគបាន ស្បែកជើង ស្រោមជើង និងផលិតផលផ្សេងៗទៀត។ ចំណែកេ ទំនិញ ដែលកម្ពុជានាំចូល រួមមាន រ៉ែប្រើជាគ្រឿងចំហេះ ប្រេងខនិជ ផលិតផលពីការចម្រាញ់ ផលិតផលពីការចាក់ដោយម្ជុល កប្បាស ដែក និងផលិតផលមួយចំនួនផ្សេងទៀត។

គួរបញ្ជាក់ថា ប្រទេសដែលកម្ពុជា នាំចេញ និងនាំចូលទំនិញច្រើនជាងគេក្នុងរយៈពេល ៥ខែនៃឆ្នាំ២០២៤នេះ រួមមាន ប្រទេសចិន សម្រេចបានជិត ៦ពាន់លានដុល្លារ, ប្រទេសវៀតណាម សម្រេចបាន ៣,៥៥ពាន់លានដុល្លារ, អាម៉េរិក កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្ម ៣,៥២ពាន់លានដុល្លារ, ប្រទេសថៃ សម្រេចបាន ១,៧៣ពាន់លានដុល្លារ និងមានប្រទេសផ្សេងៗទៀតផងដែរ៕