ក្នុងឆ្នាំ២០២៤នេះ សមិទ្ធផលនៃការស្ថាបនាលើកកម្រិតហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទរបស់ក្រសួងអភិវឌ្ឍន៍ជនបទ សម្រេចបាន ផ្លូវ ២៧១ខ្សែ។ ក្នុងនោះ រួមមានការសាងសង់ និងកែលម្អផ្លូវក្រាលកៅស៊ូពីរជាន់ សាងសង់ផ្លូវក្រាលបេតុង សាងសង់ផ្លូវក្រាលល្បាយក្រួស សាងសង់ស្ពានបេតុង សំណង់សិល្បការ្យគ្រប់ប្រភេទ ព្រមទាំងការថែទាំ និងជួសជុលផ្លូវ។
![](https://www.oknha.news/wp-content/uploads/2024/12/image-328.png)
យោងតាមរបាយការណ៍នាយកដ្ឋានជំនាញ បង្ហាញក្នុងកិច្ចប្រជុំសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់កម្មវិធីទី១ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២៤ ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងគ្រប់គ្រងផ្លូវជនបទ ព្រមទាំងធ្វើបច្ចុប្បន្នភាពទិន្នន័យផ្លូវជនបទ សរុបប្រវែង ៥០ ២៦២គីឡូម៉ែត្រ ក្នុងនោះ ផ្លូវក្រាលកៅស៊ូ បានប្រវែង ៦ ៧២៣គីឡូម៉ែត្រ, ផ្លូវបេតុង បានប្រវែង ១ ៨០៤គីឡូម៉ែត្រ, ផ្លូវល្បាយក្រួស បានប្រវែង ៣១ ៧០៤គីឡូម៉ែត្រ និងផ្លូវដីស បានប្រវែង ១០ ០២៩គីឡូម៉ែត្រ។
របាយការណ៍ខាងលើបានបន្តថា ដោយឡែក តែក្នុងឆ្នាំ២០២៤នេះ សមិទ្ធផលនៃការស្ថាបនាលើកកម្រិតហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ សម្រេចបាន ផ្លូវ ២៧១ខ្សែ ក្នុងនោះ សាងសង់ និងកែលម្អផ្លូវក្រាលកៅស៊ូពីរជាន់ ៩៤០,៧១ គីឡូម៉ែត្រ, សាងសង់ផ្លូវក្រាលបេតុង បានប្រវែង ១៦៤,២១គីឡូម៉ែត្រ, សាងសង់ផ្លូវក្រាលល្បាយក្រួស បានប្រវែង ២១៨,០៥ គីឡូម៉ែត្រ, សាងសង់ស្ពានបេតុង បានចំនួន ១២កន្លែង ស្មើនឹងប្រវែង ៦៧៥ម៉ែត្រ ព្រមទាំងសំណង់សិល្បការ្យគ្រប់ប្រភេទជាច្រើនទៀត ព្រមទាំងការថែទាំ និងជួសជុលផ្លូវបានចំនួន ៤០៤ខ្សែ ប្រវែងសរុប ៤ ២៧២គីឡូម៉ែត្រ និងសំណង់សិល្បការ្យគ្រប់ប្រភេទ។
![](https://www.oknha.news/wp-content/uploads/2024/12/image-329.png)
លោក ឆាយ ឬទ្ធីសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានគូសបញ្ជាក់ថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រកបដោយភាពធន់ គឺជាបុរេលក្ខខណ្ឌដ៏ចាំបាច់ដើម្បីចូលរួមចំណែកសម្រេចនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី ក្នុងគោលដៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕
![](https://www.oknha.news/wp-content/uploads/2024/12/image-330-1024x576.png)
![](https://www.oknha.news/wp-content/uploads/2024/12/image-331-1024x576.png)
![](https://www.oknha.news/wp-content/uploads/2024/12/image-332.png)