កម្ពុជា-អាមេរិក នឹងចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរឿងពន្ធ នៅពាក់កណ្តាលខែឧសភានេះ

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា និងអាមេរិក ត្រៀមនឹងបើកកិច្ចចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការទ្វេភាគី ពាកកណ្តាលខែឧសភានេះ។នេះបើតាមសេចក្តីប្រកាសរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលផ្សាយចេញនៅថ្ងៃទ ២ ខែឧសភា​ ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា​រដ្ឋាភិបាលកម្ពុជា និងអាមេរិក កំពុងត្រៀមសម្រាប់ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងកម្ពុជានិងសហរដ្ឋអាម៉េរិក ដែលនឹងប្រព្រឹត្តទៅដោយផ្ទាល់នៅថ្ងៃទី១៤-១៥ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ នារដ្ឋធានីវ៉ាស៊ីនតោន។

ការត្រៀមចរចាពាណិជ្ជកម្មដោយផ្ទាល់នេះ បានធ្វើឡើងបន្ទាប់ពី លោក ស៊ុន ចាន់ថុល ឧបនាយក រដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី កម្ពុជា-អាម៉េរិក ជួបប្រជុំទ្វេភាគីតាមប្រព័ន្ធវីដេអូជាមួយ តំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ដឹកនាំដោយ លោកស្រី Sarah Ellerman អនុប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក នាព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥។

កិច្ចប្រជុំពិភាក្សានេះ ផ្តោតសំខាន់លើវឌ្ឍនភាពការងារ និងការត្រៀមសម្រាប់ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងកម្ពុជានិងសហរដ្ឋអាម៉េរិក ដែលនឹងប្រព្រឹត្តទៅដោយផ្ទាល់ នៅថ្ងៃទី១៤-១៥ ខែឧសភា ឆ្នាំ២០២៥ នារដ្ឋធានីវ៉ាស៊ីនតោន។

សូមរម្លឹកថា កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ សហរដ្ឋអាមេរិក បានដាក់ពន្ធលើប្រទេសនានាជាង២០០ប្រទេស នៅលើពិភពលោក។ ជាមួយគ្នានេះ អាមេរិកបានកំណត់យកពន្ធពីកម្ពុជាចំនួន ៤៩ភាគរយ ប៉ុន្តែពន្ធនេះអនុវត្តជាបណ្តោះអាសន្នត្រឹមតែ ១០ភាគប៉ុណ្ណោះ ក្នុងរយៈពេល៣ខែ គិតចាប់ពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ តទៅ។ ការដាក់ពន្ធរបស់អាមេរិក ធ្វើឡើងក្រោមហេតុផលថា អតុល្យភាពទំហំពាណិជ្ជកម្ម ដោយប្រទេសទាំងនោះនាំចូលទៅអាមេរិកច្រើនជាងអាមេរិកនាំចេញត្រឡប់ទៅវិញ។

យ៉ាងណាមិញ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នឹងបន្តធ្វើកិច្ចការងារនេះ ដោយយកចិត្តទុកដាក់បំផុត៕អត្ថបទ៖ ហ្សាលីន