ភ្នំពេញ៖នៅឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជា និងខេត្តជាំងស៊ូ មាន ២ ៩៣០លានដុល្លាអាម៉េរិក ដោយកើន ៩,៧ ភាគរយ។ តួលេខនេះ គឺស្មើ ២០ ភាគរយ នៃទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិន។ នេះបើយោងតាមរបាយការណ៍ដែលលើកឡើងដោយ លោក Xu Kunlin អភិបាលខេត្តជាំងស៊ូក្នុងឱកាសពិធីអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នៅថ្ងៃទី២២ ខែឧសភានេះ។

លោក ស៊ូ បានឱ្យដឹងថា៖ការនាំចូលពីខេត្តជាំងស៊ូ មកកាន់កម្ពុជា មានទំហំទឹកប្រាក់ ២ ៧៤០ លានដុល្លាអាម៉េរិក កើន១០,១ភាគរយ និងនាំពីកម្ពុជាទៅជាំងស៊ូ មាន ១៩០ លានដុល្លារអាម៉េរិក កើនឡើង ៤,៨ភាគរយ។ ជាមួយគ្នានេះ ខេត្ត ជាំងស៊ូ មានគម្រោងវិនិយោគនៅកម្ពុជាចំនួន ២១១ គម្រោង ដែលស្មើ ១ ៧១០ លានដុល្លារអាម៉េរិក។
លោកអភិបាលខេត្តជាំងស៊ូ បានបន្តលើកឡើងថា៖តំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ បានដើរតួនាទីជាស្ពាន និងជាខ្សែចំណងយ៉ាងសកម្ម ដើម្បីបង្កើនការផ្លាស់ប្តូរគ្នា និងកិច្ចសហប្រតិបត្តិការគ្នា ឱ្យកាន់តែស៊ីជម្រៅរវាងខេត្តជាំងស៊ូ និងខេត្តព្រះសីហនុ ក្នុងវិស័យសុខាភិបាល អប់រំ និងវប្បធម៌ ជាដើម។ តំបន់សេដ្ឋកិច្ចពិសេសនេះ គឺជាសមិទ្ធផលដែលកើតចេញពីគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងចំណងមិត្តភាពដ៏ស៊ីជម្រៅរវាងកម្ពុជា-ចិន ក្នុងដំណាក់កាលនៃការដឹកនាំរបស់សម្តេច ហ៊ុន សែន និងលោក ស៊ី ជិនពីង។

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ត្រូវបានសាងសង់ឡើងកាលពីឆ្នាំ២០០៨ លើផ្ទៃដីជាង ១ពាន់ហិកតា ស្ថិតនៅក្នុងសង្កាត់បិតត្រាំង និងសង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ ក្រោមកិច្ចសហការវិនិយោគពីក្រុមហ៊ុនចំនួន ៣ របស់ចិន។ កាលពីឆ្នាំ២០០៨ ដីតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជាតំបន់មួយដែលស្ងប់ស្ងាត់ និងមិនមានសកម្មភាពសេដ្ឋកិច្ចអ្វីនោះឡើយ។ ប៉ុន្តែបច្ចុប្បន្នតំបន់នេះ ក្លាយជាទីតាំងដ៏មានសក្តានុពលសម្រាប់ការវិនិយោគ ហើយប្រែក្លាយជាតំបន់អ៊ូអរដោយសកម្មភាពកម្មករ និយោជិតយ៉ាងច្រើន ចេញចូលធ្វើការជារៀងរាល់ថ្ងៃ។

គិតត្រឹមខែឧសភា ឆ្នាំ២០២៥ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានរោងចក្រ សហគ្រាសជិត៣០០ បានចូលមកធ្វើសកម្មភាពអាជីវកម្ម ប៉ុន្តែក៏មានរោងចក្រ សហគ្រាស បានផ្អាកដំណើរការដែរ។ របាយការណ៍ដដែលបានបង្ហាញ សព្វថ្ងៃមានកម្មករ និយោជិតជាង ៣ម៉ឺននាក់ កំពុងធ្វើការនៅតាមរោងចក្រ សហគ្រាសនានាក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ជាមួយប្រាក់ឈ្នួលមធ្យម ៣១១ដុល្លារ ក្នុងមួយខែ។
អ្នកវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានដូចជា ចិន តៃវ៉ាន់ បារាំង សេណេហ្គាល់ ស្វីស អាម៉េរិក អៀឡង់ សិង្ហបុរី ជប៉ុន កូរ៉េខាងត្បូង វៀតណាម និងថៃជាដើម។ រោងចក្រ សហគ្រាស ដែលកំពុងដំណើរអាជីវកម្មនៅតំបន់នេះ រួមមាន រោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង កាបូប រោងចក្រអេឡិចត្រូនិក រោងចក្រគ្រឿងផ្គុំរថយន្ត រោងចក្រផលិតភេសជ្ជៈ អាហារ ផលិតសម្ភារៈវេចខ្ចប់ និងរោងចក្រកែច្នៃពេជ្រជាដើម៕
