៥ខែ ឆ្នាំនេះ៖ កម្ពុជា រកចំណូលបានជាង ២៥២លានដុល្លារ​ ពីការនាំចេញអង្ករជាង៣៤ម៉ឺនតោន

សង្គម​ និង​សេដ្ឋកិច្ច

ការនាំចេញអង្ករក្នុងរយៈពេល៥ខែ ពោលចាប់ពីខែមករា ដល់ខែឧសភា នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករចំនួនជាង៣៤ម៉ឺនតោន គិតជាទឹកប្រាក់បានចំនួន ២៥២.៣០ លានដុល្លារសហរដ្ឋអាមេរិក។នេះបើយោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងបន្តថា ក្នុងរយៈពេល៥ខែ នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករបានចំនួន ៣៤៤ ១៩៩ តោន​ តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៤៨ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៣ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ​២៦ ​បានបរិមាណអង្ករចំនួន ១៦០ ៧៣២ តោន គិតជាទឹកប្រាក់ចំនួន ១២៦.៧៥​ លានដុល្លារសហរដ្ឋអាមេរិក។

ប្រភពដដែលបន្តថា ទីផ្សារដែលកម្ពុជាបាននាំចេញ ក្នុងនោះទៅកាន់ប្រទេសចិន ​និងហុងកុង ចំនួន ៩០ ៦៦៥ តោន គិតជាទឹកប្រាក់ចំនួន ៥៣.២៥ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន ៥ ប្រទេសបានបរិមាណចំនួន  ៤៩ ៧០០ តោន​ គិតជាទឹកប្រាក់ចំនួន ៣៤.៥៦ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ ៣០ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក   មជ្ឈឹម បូព៌ា អាមេរិក  កាណាដា  អូស្ត្រាលី  ញ៉ូហ្សេឡេន ។ល។ បានចំនួន ៤៣ ០៩៩ តោន គិតជាទឹកប្រាក់ចំនួន  ៣៧.៨០ លានដុល្លារសហរដ្ឋអាមេរិក។

ចំពោះប្រភេទអង្ករ បាននាំចេញអង្ករក្រអូបចំនួន ៧៥.៥៦% ប្រភេទអង្ករសគ្រាប់វែង ១៩.៣៣% អង្ករចំហ៊ុយ ២.៤៣% អង្ករសរីរាង្គចំនួន ២.០៣%  និងអង្ករផ្សេងៗចំនួន ០.៦៥%។ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ៣ ១០២ ៩៧៣ តោនស្រូវសើម ដែលគិតជាទឹកប្រាក់បានប្រមាណ ៧៤០.៩៤ លានដុល្លារសហរដ្ឋអាមេរិក។នេះបើតាមការបញ្ជាក់បន្ថែមពីសហព័ន្ធស្រូវអង្ករកម្ពុជា៕ អត្ថបទ៖ហ្សាលីន