កម្ពុជា និងអូទ្រីស ប្តេជ្ញារួមគ្នាប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជានិងអូទ្រីស បានប្តេជ្ញាជំរុញ នឹងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ សំដៅដោះស្រាយការប្រែប្រួលអាកាសធាតុកាន់តែប្រសើរឡើង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការប្តេជ្ញានេះ បានធ្វើឡើងកាលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ ក្នុងជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក Sepp Schellhorn រដ្ឋលេខាធិការក្រសួងសហព័ន្ធសម្រាប់អឺរ៉ុប និងកិច្ចការអន្តរជាតិ នៃប្រទេសអូទ្រីស ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទលើកទី៣ របស់អង្គការសហប្រជាជាតិ ស្ដីពីមហាសមុទ្រ (UNOC3) នៅទីក្រុងនីស ប្រទេសបារាំង។

នាឱកាសនោះ សម្ដេចធិបតី សង្កត់ធ្ងន់ថា ប្រទេសទាំងពីរមានវិស័យសក្ដានុពលជាច្រើនដែលអាចជំរុញកិច្ចសហប្រតិបត្តិការជាមួយគ្នា។ សម្ដេច បានគូសបញ្ជាក់ពីសារៈសំខាន់នៃយន្តការពិគ្រោះយោបល់ទ្វេភាគី ដោយបានជំរុញឱ្យក្រសួងការបរទេសនៃប្រទេសទាំងពីរ បន្តពិភាក្សាបន្ថែមទៀតដើម្បីឱ្យយន្តការនេះបានចេញជារូបរាងក្នុងពេលឆាប់ៗ ក្នុងគោលបំណងពិនិត្យមើលវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការកន្លងមក និងស្វែងរកវិស័យនៃកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀត។

ជាមួយគ្នានេះ លោក Sepp Schellhorn បានគូសបញ្ជាក់ពីការបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបោសសម្អាតមីន និងបណ្ដុះបណ្ដាលធនធានមនុស្ស។ ក្នុងនោះ លោក ក៏បានបង្ហាញនូវការស្វាគមន៍ចំពោះអ្នកការទូតវ័យក្មេងកម្ពុជាមកសិក្សាជំនាញការទូតនៅបណ្ឌិត្យសភាការទូតទីក្រុងវីយែន ប្រទេសអូទ្រីស។ ក្នុងឱកាសនោះដែរ លោកក៏បានស្នើកម្ពុជា គាំទ្របេក្ខភាពរបស់អូទ្រីសជាសមាជិកមិនអចិន្ត្រៃយ៍ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់អណត្តិ២០២៧-២០២៨ផងដែរ។

សូមជម្រាបថា ក្នុងជំនួបនោះ កម្ពុជា-និងអូទ្រីស ក៏បានពិភាក្សាអំពីការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ។នាពេលនោះ សម្ដេចធិបតី បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែង ជាមួយវឌ្ឍនភាព និងសមិទ្ធផលរបស់កម្ពុជាក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ តាមរយៈការដាក់ចេញនូវគំនិតផ្ដួចផ្ដើមជាច្រើនដើម្បីធានានូវចីរភាពបរិស្ថាន, អន្តរកាលថាមពល ជាពិសេសការជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញនៅកម្ពុជា ដែលបច្ចុប្បន្ន សម្រេចបាន ៦២% និងគ្រោងសម្រេចឱ្យបាន៧០% នៅឆ្នាំ២០៣០៕ អត្ថបទ៖ហ្សាលីន