៥ឆ្នាំចុងក្រោយ ក្រសួងប្រៃសណីយ៍ បានផ្ដល់​អាជ្ញាបណ្ណ​ប្រតិបត្តិការ​ទូរគមនា​គមន៍សរុប​ចំនួន៥៩

សង្គម​ និង​សេដ្ឋកិច្ច

ក្នុង​រយៈ​ពេល​៥ឆ្នាំចុងក្រោយនេះ ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍ បានផ្ដល់​អាជ្ញាបណ្ណ​ប្រតិបត្តិការ​ទូរគមនា​គមន៍សរុប​ចំនួន៥៩​ ក្នុងនោះ​អាជ្ញាបណ្ណទូរសព្ទ​ចំនួន​៤អាជ្ញា​បណ្ណ​ ខ្សែកាបអុប​ទិកក្រោម​បាត​សមុទ្រ( submarine fiber optic cables) ​ចំនួន២ អាជ្ញាបណ្ណ ខ្សែកាប​អុបទិក​លើគោក​ចំនួន​៥ និងអ៊ីនធើណេត​ចំនួន​៣៩​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍ ធ្លាប់បានបញ្ជាក់ឱ្យដឹងកាលពីដើមខែកុម្ភៈ ឆ្នាំ២០២៥ថា គិតត្រឹមឆ្នាំ២០២៤​ អ្នកប្រើប្រាស់​សេវា​ទូរសព្ទ​មានប្រមាណ ​២០,៦​លាន​ និងសេវាអ៊ីន​ធឺណិតចំនួន ១៩​លាន​ ។

លោកបន្តថា ដើម្បីជំរុញ​ និងសម្រួល​ដល់ការ​ប្រើប្រាស់​កាន់តែ​ងាយស្រួល ​និងលឿនរហ័ស ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍ ក៏​បានជំរុញ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថល​ រួមមាន ​បង្គោល​អង់​តែនទូរសព្ទ បណ្ដាញ​ខ្សែ​កាប​អុបទិក​ក្រោម​បាតសមុទ្រ​ និងលើគោក ។

សូមបញ្ជាក់ថា ក្នុង​រយៈ​ពេលប៉ុន្មានឆ្នាំមកនេះ ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍ បានសាង​សង់​បង្គោលអង់​តែន​ទូរសព្ទ​សរុប ១១​៥១១​បង្គោល ហើយក្រសួង​មានផែនការជំរុញ​សាងសង់​បង្គោលអង់តែន​ទូរសព្ទ​បន្ថែម​ចំនួន​ ៣ ៦៧៤​ ដែល​មានចំនួន​ស្ថានីយ៍អង់តែន​សរុប ៦ ៣៥៥ ត្រឹមឆ្នាំ២០២៧។

គួរឱ្យដឹងផងដែរថា ដោយសារគិតមកដល់ពេលនេះកម្ពុជាមានសមត្ថភាពផ្គត់ផ្គង់សេវាអ៊ីនធឺណិតគ្រប់គ្រាន់ដោយខ្លួនឯង ជាមួយគ្នានេះក្រុមហ៊ុនបណ្តាញខ្សែកាបអុបទិក ឬប្រតិបត្តិករអ៊ីនធឺណិតទាំងអស់នៅកម្ពុជា នឹងបញ្ចប់ការទិញអ៊ីនធឺណិត (Internet Banwidth) ពីប្រទេសថៃហើយ ចាប់ពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ។

លោក ជា វ៉ាន់ដេត បញ្ជាក់ថា នេះដោយសារការគម្រាមកំហែងរបស់ភាគីថៃក្នុងការកាត់ផ្ដាច់ការផ្គត់ផ្គង់សេវាអ៊ីនធឺណិតដល់កម្ពុជា ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់របស់កម្ពុជាបានឈប់ប្រើប្រាស់ប្រភពអ៊ីនធឺណិតពីប្រទេសថៃ ដែលនឹងធ្វើឱ្យប្រទេសថៃអាចខាតបង់ចំណូលរាប់រយលានដុល្លារ។ លទ្ធផលនេះ គឺកើតឡើងដោយសារការគម្រាមកំហែងរបស់ភាគីថៃមកលើកម្ពុជា៕