ខ្មែរជួយខ្មែរ ខ្មែរគាំទ្រផលិតផលខ្មែរ! ក្រុមហ៊ុនសៃលុន មិនត្រឹមតែលក់«មិនតម្លើងថ្លៃ» ថែមទាំងដកលុយដែលចំណេញពីការលក់ កង់ឡាន១គ្រាប់៤០០រៀលជូនដល់មូលនិធិគន្ធបុប្ផាទៀត

សង្គម​ និង​សេដ្ឋកិច្ច

ស្ថិតនៅក្នុងស្មារតីខ្មែរជួយខ្មែរ និងចូលរួមជាមួយរាជរដ្ឋាភិបាល នៅក្នុងឆ្នាំ២០២៥នេះ រោងចក្រផលិតសំបកកង់ឡានធំជាងគេ សៃលុន (Sailun Tire Cambodia) ដែលកំពុងប្រតិបត្តិការច្រវាក់ផលិតកម្ម ផលិត ចែកចាយក្នុងស្រុក និងនាំចេញទៅទីផ្សារតាមប្រទេសជុំវិញពិភពលោក បានបង្កើតមូលនិធិមួយ ក្នុងគោលបំណងយកលុយមួយចំណែកដែលចំណេញពីការលក់សំបកកង់ឡាន ចូលរួមជាមួយមូលនិធិគន្ធបុប្ផា ដែលការណ៍ធ្វើបែបនេះគឺធ្វើរហូតដល់បញ្ចប់ឆ្នាំ២០២៥ ដែលមានថវិកាសរុបចំនួន ៤០លានរៀល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
លោក គឹន ឧត្តមមុនីស៊ីណាត នាយកប្រតិបត្តិនៃក្រុមហ៊ុន PIC Tire Co.,Ltd

លោក គឹន ឧត្តមមុនីស៊ីណាត នាយកប្រតិបត្តិនៃក្រុមហ៊ុន PIC Tire Co.,Ltd (ភីអាយសុី ថាយអ៊ើ ខូអិលធីឌី) ដែលជាក្រុមហ៊ុនទទួលសិទិ្ធចែកចាយផ្តាច់មុខនូវផលិតផលសំបកកង់ឡានផលិតក្នុងស្រុកមួយនេះប្រាប់សារព័ត៌មាន Oknha News ថា៖ ក្នុងយុទ្ធនាការខ្មែរជួយខ្មែរ ខ្មែរគាំទ្រផលិតផលខ្មែរ ក្រុមហ៊ុន សៃលុន បានសម្រេចចិត្ដបង្កើតមូលនិធិមួយ ដើម្បីដកលុយដែលចំណេញពីការលក់សំបកកង់ឡាន ដោយក្នុងកង់ឡាន១គ្រាប់ ដកចំនួន៤០០រៀលបរិច្ចាគទៅមន្ទីពេទ្យគន្ធបុប្ផា។

លោកបន្ថែមថា នៅក្នុងដំណាក់កាលដែលយើងត្រូវចូលរួមជួយគ្នា និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងកាលៈទេសៈស្រុកទេសកំពុងមានភាពតានតឹងខ្លាំងជាមួយប្រទេសថៃ ក្នុងជម្លោះព្រំដែន, ក្រុមហ៊ុន សៃលុន ដែលជាក្រុមហ៊ុនចែកចាយដ៏ធំនូវសំបកកង់ឡានដែលផលិតដោយកូនខ្មែរ១០០% មិនបានតម្លើងថ្លៃទំនិញនោះទេ។

តាមការបញ្ជាក់ឱ្យដឹង យុទ្ធនាការដកលុយចូលរួមជាមួយមូលនិធិគន្ធបុប្ផានេះ ក្រុមហ៊ុនសៃលុន គឺធ្វើរហូតដល់១០ម៉ឺនគ្រាប់ឯណោះ ដោយសារតែសៃលុនគ្រោងទិញកៅស៊ូក្នុងស្រុករហូតដល់១០ម៉ឺនតោន អ៊ីចឹងគេទិញកៅស៊ូយើង១០ម៉ឺនតោន យើងលក់វិញ១០ម៉ឺនគ្រាប់ដើម្បីស្មើភាពគ្នា។

នាយកប្រតិបត្តិនៃក្រុមហ៊ុន ទទួលសិទិ្ធចែកចាយផ្តាច់មុខសំបកកង់រថយន្តសៃលុន រូបនេះ បានបន្ថែមថា៖ គិតត្រឹមពីខែមករា រហូតមកដល់ខែឧសភា យើងលក់ចេញអស់៤ ម៉ឺនគ្រាប់ហើយ, ហើយប្រសិនបើគិតមកដល់ខែមិថុនានេះ មូលនិធិសៃលុនជួយមន្ទីពេទ្យគន្ធបុប្ផា មានថវិកាជាង១២លានរៀលហើយ។

អ្វីដែលកាន់តែពិសេសនោះ ក្នុងឱកាសដែលបងប្អូនពលករខ្មែរត្រឡប់មកពីប្រទេសថៃវិញតាមការអំពាវនាវរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី និងសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្រុមហ៊ុនសៃលុន នឹងផ្ដល់ឱកាសការងារជាង៨០០កន្លែងដល់បងប្អូនពលករខ្មែរផងដែរ។

សូមជម្រាបជូនថា រោងចក្រផលិតសំបកកង់ឡាន សៃលុន មានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ ភូមិតាណរ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្ដស្វាយរៀង។ រោងចក្រផលិតសំបកកង់ឡាន សៃលុន បាននឹងស្រូបទាញទិន្នផលកៅស៊ូ ប្រមាណជាង ៣០% នៃទិន្នផលកៅស៊ូសរុប គិតតែក្នុងឆ្នាំ ២០២៤ ប្រមាណ ៥ ម៉ឺនតោន និង គ្រោងកែឆ្នៃទិន្នផលកៅស៊ូក្នុងស្រុកប្រមាណ ១ សែនតោន ដោយគិតជាសាច់ប្រាក់ប្រមាណជាង ២០០ លានដុល្លាអាមេរិក ក្នុងឆ្នាំ ២០២៥នេះ៕