គំរាមឈប់លក់ប្រេងឱ្យកម្ពុជា! សម្តេចតេជោ ផ្តល់យោបល់គួរផ្អាកការនាំចូលទំនិញគ្រឿងកំប៉ុងនានាពីថៃ

សង្គម​ និង​សេដ្ឋកិច្ច

ឆ្លើយតបទៅបក្សប្រឆាំងថៃមួយ ដែលជូនយោបល់ទៅរាជរដ្ឋាភិបាលថៃថាឲ្យឈប់លក់ប្រេងឲ្យកម្ពុជា ដែលនិងធ្វើឲ្យកម្ពុជាចុះចាញ់ នាយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៅវិញថា កម្ពុជាមិនស្លាប់ដោយសារមិននាំប្រេងពីថៃមកនោះទេ ប៉ុន្តែអ្នកដែលស្លាប់គឺក្រុមហ៊ុន PTT របស់ថៃទៅវិញទេ ខណៈសម្តេចតេជោបានផ្តល់យោបល់ជូនរាជរដ្ឋាភិបាលពិចារណា និងម្ចាស់ការជាមុន ដោយបង្វែរការទិញទំនិញពីប្រទេសថៃ ដើម្បីកុំឲ្យគេមានហេតុផលគំរាមយើងតទៅទៀត ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍បញ្ជាក់ទៀតថា «សម្រាប់កម្ពុជា បានត្រៀមខ្លួនរួចរាល់ដើម្បីដោះស្រាយស្ថានភាពដែលពួកអ្នកគំរាមរួចហើយ អុីនធើណែត អគ្គិសនី ពលករ និងពេលនេះ ល្បែងប្រេងធ្វើជាអាវុធប្រឆាំងយើងទៀត។ បញ្ហាពលករពេលមុន ពួកអ្នកមើលងាយ និងរើសអើងពលករខ្មែរ និងយកពលករធ្វើជាចំណាប់ខ្មាំងផង និងគំរាមយើងផង តែពេលដែលយើងប្រកាសទទួលយកពលករពេលនេះពួកអ្នកបែរជាចេះយកចិត្ត និងលួងលោមពលករ ព្រោះបើពលករខ្មែរចាកចេញរោងចក្រកសិដ្ឋាន ក្រុមហ៊ុន ការដ្ឋានសំណង់មួយចំនួន អាចត្រូវបិទទ្វារ ព្រោះខ្វះកម្លាំងពលកម្ម។ បើពួកអ្នកក្លាហាន សូមពួកអ្នកបណ្តេញពលករខ្មែរសាកល្បងមើល តើវាប៉ះពាល់សេដ្ឋកិច្ចថៃខ្លះទេ?។ ប្រេងក៏ដូចគ្នាសូមសាកល្បងមើលចុះ តែគួរសួរក្រុមហ៊ុនថៃ PTT ជាមុនសិន ព្រោះក្រែងវាងាប់ក្រុមហ៊ុនថៃ ដែលកំពុងមានស្ថានីយលក់ប្រេងនៅកម្ពុជា ឬក៏ត្រូវឲ្យក្រុមហ៊ុនប្រេងរបស់ថៃ ទៅទិញប្រេងពីប្រទេសផ្សេងមកលក់នៅកម្ពុជា។»

បើតាមសម្តេចតេជោ ហ៊ុន សែន ការគំរាមមិនឱ្យលក់ប្រេងឱ្យកម្ពុជានេះជាល្បែងដែលនាំដល់ការខាតបង់ខ្លួនឯង! ដោយសម្តេចចោទសួរថា តើអ្នកចង់ឲ្យក្រុមហ៊ុនថៃ PTT ស្លាប់មែនទេ? បើចង់ សូមឲ្យអ្នកធ្វើតាមបំណងចុះ។

ទន្ទឹមនឹងនេះ ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ  បានផ្តល់យោបល់ជូនរាជរដ្ឋាភិបាលពិចារណា និងម្ចាស់ការជាមុន ដោយបង្វែរការទិញទំនិញពីប្រទេសថៃ ដើម្បីកុំឲ្យគេមានហេតុផលគំរាមយើងតទៅទៀត និងចំពោះមុខប្រសិនច្រកទ្វារព្រំដែនមិនទាន់កែសម្រួលឲ្យដូចដើមវិញ កម្ពុជាគួរផ្អាកការនាំចូលគ្រឿងកំប៉ុងគ្រប់ប្រភេទ តាំងពីគ្រឿងស្រវឹង ភេសជៈប៉ូវកម្លាំងគ្រប់ប្រភេទរហូតដល់ត្រីខកំប៉ុង ឬសាច់កំប៉ុងគ្រប់ប្រភេទ ជំនួសដោយប្រើផលិតផលក្នុងស្រុក ឬផលិតផលនាំចូលពីប្រទេសផ្សេងៗក្រៅពីប្រទេសថៃ។ ប្រជាជនកម្ពុជាយើងគួរសម្លឹងមើលឲ្យឆ្ងាយ លើសពីព្រំដែនកម្ពុជា និងលើសពីឆ្នាំ២០៣០៕