មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន បន្តជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការបណ្ដុះបណ្ដាលធនធានមនុស្សដល់កងទ័ពជើងគោកកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោកនាយឧត្តមសេនីយ៍ MORISHITA Yasunori មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ នាយឧត្តមសេនីយ៍ មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន បានគោរពជម្រាបជូនសម្ដេចធិបតីថា ដំណើរទស្សនកិច្ចរបស់លោក និងគណៈប្រតិភូមកកាន់កម្ពុជានាឱកាសនេះ គឺដើម្បីបន្តជំរុញនូវការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការបណ្ដុះបណ្ដាលធនធានមនុស្សដល់កងទ័ពជើងគោកកម្ពុជា។

សម្ដេចធិបតីបានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានរួមចំណែកដល់ដំណើរការអភិវឌ្ឍកម្ពុជា ដែលក្នុងនោះ រួមទាំងការថែរក្សាបេតិកភណ្ឌ និងប្រាង្គប្រាសាទនៅកម្ពុជា ហើយជប៉ុនក៏ជាសហប្រធាននៃគណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍរមណីយដ្ឋានអង្គរ (ICC-Angkor) ផងដែរ។

សម្ដេចធិបតីក៏បានគូសបញ្ជាក់អំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាង កម្ពុជា និង ជប៉ុន ព្រមទាំងសម្ដែងនូវសេចក្ដីសោមនស្សរីករាយចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ។ សម្ដេច បានថ្លែងអំណរគុណដល់កងទ័ពស័្វយការពារជើងគោកជប៉ុន ដែលបានផ្ដល់នូវការបណ្ដុះបណ្ដាលធនធានមនុស្សដល់កងទ័ពជើងគោកកម្ពុជា។

ទន្ទឹមនឹងនេះ សម្ដេចធិបតីបានគូសបញ្ជាក់បន្ថែមថា ជប៉ុន គឺជាមិត្តចាស់ និងជាមិត្តដ៏ល្អរបស់កម្ពុជា។ ការចែករំលែកបទពិសោធន៍, ជំនាញ និងការបណ្ដុះបណ្ដាលធនធានមនុស្សដល់កម្ពុជាគឺជាកិច្ចការសំខាន់ ជាពិសេស ក្នុងការអភិវឌ្ឍសមត្ថភាពកងទ័ពជើងគោកកម្ពុជា ដោយហេតុថាជប៉ុនជាប្រទេសដែលមានជំនាញ និងបទពិសោធន៍ខ្ពស់។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ, កងទ័ពជើងគោកនៃប្រទេសទាំងពីរ នឹងអាចបន្តផ្សារភ្ជាប់ទំនាក់ទំនង និងស្វែងយល់ពីគ្នាទៅវិញទៅមក ព្រមទាំងអាចរួមសហការគ្នានៅក្នុងកិច្ចការមនុស្សធម៌ជាដើម។

ឆ្លៀតក្នុងឱកាសនោះ សម្ដេចធិបតី ក៏បានលើកទឹកចិត្តឱ្យកងទ័ពជើងគោកនៃប្រទេសទាំងពីរ ពិនិត្យលទ្ធភាពក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងការធ្វើលំហាត់ហ្វឹកហ្វឺនរួម សម្រាប់ការសង្គ្រោះគ្រោះមហន្តរាយ និងការបោសសម្អាតមីន ជាដើម៕