ឆ្នាំ២០២៤៖ ភាគរយអ្នកធ្វើការផ្នែកកសិកម្មធ្លាក់ចុះ ៣០% ខណៈភាគរយអ្នកផ្តល់សេវាកម្ម និងលក់ បានកើនឡើងដល់ ១៩,១%

សង្គម​ និង​សេដ្ឋកិច្ច

ជំរឿនប្រជាជនឆ្នាំ២០២៤ បានបង្ហាញថា ភាគរយនៃការងារផ្នែកកសិកម្មមានការធ្លាក់ចុះ ដល់ភាគរយប្រហាក់ប្រហែលនឹងភាគរយនៃផ្នែកសិប្បកម្ម និងអាជីវកម្មពាក់ព័ន្ធ។ ដូចនេះ វិស័យកសិកម្មក៏មានការធ្លាក់ចុះពី ៥៤,៧ ភាគរយ (ឆ្នាំ២០១៩) ដល់ ៣៤,៥ ភាគរយ (ឆ្នាំ២០២៤) ដែលនិន្នាការនេះមានការធ្លាក់ចុះជាលំដាប់ក្នុងរង្វង់ ១៧,៦ ភាគរយ ចាប់ពីឆ្នាំ២០០៨ មក ឆ្នាំ២០១៩ និងបន្តរធ្លាក់ចុះពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៤ ក្នុងរង្វង់ ២០,២ ភាគរយ។ នេះឆ្លុះបញ្ចាំងថា ប្រទេសកម្ពុជាកំពុងតែឆ្ពោះទៅជាប្រទេសដែលមានសេដ្ឋកិច្ចមិនពឹងផ្អែកលើវិស័យកសិកម្មជាចម្បង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

របាយការណ៍ខាងលើបានបង្ហាញបន្តថា នៅឆ្នាំ២០២៤ ភាគរយអ្នកធ្វើការផ្នែកកសិកម្មមានការធ្លាក់ចុះដល់ ៣០ ភាគរយ ដែលស្ទើរតែស្ទើរទៅនឹងភាគរយរបស់អ្នកធ្វើសិប្បកម្ម និងអាជីវកម្មពាក់ព័ន្ធ (២៥,៩ ភាគរយ) ខណៈភាគរយអ្នកផ្តល់សេវាកម្ម និងលក់ បានកើនឡើងដល់ ១៩,១ ភាគរយ។

បញ្ជាក់ថា នេះ គឺជាមុខរបរជំនាញ ដែលភាគច្រើនអ្នកមានការងារបានធ្វើនៅ ក្នុងសេដ្ឋកិច្ចកម្ពុជា ហើយវាក៏បានឆ្លុះបញ្ចាំងថា ទីផ្សារការងារជំនាញនៅកម្ពុជា បានងើបឡើង ប៉ុន្តែការបណ្តុះបណ្តាលវិជ្ជាជីវៈជំនាញការងារនៅតែត្រូវការបន្ថែម ដើម្បីឆ្លើយតបទៅនឹងទីផ្សារការងារប្រកួតប្រជែងអោយ កាន់តែប្រសើរ។ ក្នុងចំណោមក្រុមមុខរបរចម្បងទាំងប្រាំបួន ក្រុមមុខរបរចំនួនបី ដែលសមាមាត្ររបស់ស្ត្រីខ្ពស់ជាង បុរស គឺរួមមាន ក្រុមមុខរបរជំនាញកសិកម្ម ព្រៃឈើ និងនេសាទ ជំនាញទាក់ទងនឹងសេវាកម្ម និងលក់ ហើយនឹងជំនាញជាស្មៀន។ ទោះបីជាក្រុមមុខរបរចំនួនពីរ មានភាពខុសគ្នាក្នុងកម្រិតទាប ក៏អាជីពផ្នែកសេវាកម្ម និងលក់ មានភាពខុសគ្នារហូតដល់ ១០,៤ ភាគរយ រវាងអ្នកធ្វើការបុរស និងស្ត្រី។

នៅក្នុងរបាយការណ៍ដដែលនេះ ក៏បានឱ្យដែរថា នៅទីប្រជុំជន ភាគច្រើននៃអ្នកមានការងារធ្វើ មានមុខរបរជាអ្នកធ្វើសិប្បកម្ម និងអាជីវកម្មពាក់ព័ន្ធ (៣០,៤ ភាគរយ) អ្នកផ្តល់សេវាកម្ម និងលក់ (២៧,៥ ភាគរយ) និងអ្នកជំនាញកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ (១១,៩ ភាគរយ)។ ចំណែកនៅតំបន់ជនបទ កសិកម្មនៅតែដើរតួយ៉ាងសំខាន់ (៤២,០ ភាគរយ) ទោះបីជាភាគរយនៃអ្នកធ្វើកសិកម្មក្នុងប្រទេសកម្ពុជាមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ បន្ទាប់មកផ្លែសិប្បកម្ម (២២,៩ ភាគរយ) និងផ្នែកសេវាកម្ម និងលក់ដូរ (១៣,៤ ភាគរយ)។ បើធៀបនឹងឆ្នាំ២០១៩ អ្នកមានការងារធ្វើភាគច្រើន មានមុខរបរជំនាញកសិកម្ម ព្រៃឈើ និងនេសាទ និងអ្នកធ្វើសិប្បកម្ម និងអាជីវកម្មពាក់ព័ន្ធ ដែលមានភាគរយប្រហាក់ប្រហែលគ្នា ខណៈពេលដែលមុខរបរ ផ្សេងទៀតមានការកើនឡើង។

គួរបញ្ជាក់ដែរថា លទ្ធផលចុងក្រោយនៃជំរឿនប្រជាជនឆ្នាំ២០១៩ បានបង្ហាញឱ្យឃើញថា វិស័យកម្មន្តសាល ពាណិជ្ជកម្មលក់ដុំលក់រាយ ជួសជុលយានយន្ត និងទោចក្រយានយន្ត សំណង់ និង សេវាកម្មផ្សេងទៀត មានការកើនឡើង ក្នុងខណៈពេលដែលសមាមាត្រការងារក្នុងវិស័យកសិកម្មមានការថយចុះ ហើយនិន្នាការនេះបាននាំឱ្យរចនាសម្ព័ន្ធសេដ្ឋកិច្ចប្រទេសកម្ពុជាកំពុងតែផ្លាស់ប្តូរទៅរកឧស្សាហកម្ម ទំនើប និងសម័យភាវូបនីយកម្ម។ និន្នាការនេះក៏នៅតែបន្តរកើតមាននៅក្នុងឆ្នាំ២០២៤ លើកលែងតែ សមាមាត្រការងារក្នុងវិស័យដែលពាក់ព័ន្ធនឹងសិល្បៈ ការកំសាន្ត និងការសប្បាយប៉ុណ្ណោះ ដែលបានធ្លាក់ចុះ ។ លើសពីនេះ សមាមាត្រក្នុងវិស័យកសិកម្ម មានការថយចុះក្នុង រង្វង់ ២០,២ ភាគរយ ក្នុងរយៈ ៥ ឆ្នាំកន្លងមកនេះ។ សមាមាត្រនៃវិស័យកម្មន្តសាល បានកើនឡើងដល់ ១៧,៨ ភាគរយ បន្ទាប់មកវិស័យពាណិជ្ជកម្មលក់ដុំលក់រាយ ជួសជុលយានយន្ត និងទោចក្រយានយន្តបាន កើនដល់ ១៣,៨ ភាគរយ ហើយវិស័យសំណង់ បានកើនដល់ ៨,២ ភាគរយ៕