សម្ដេចតេជោ៖ កម្ពុជាគ្មានមហិច្ឆិតាវ៉ៃទៅដល់បាងកកទេ ទោះបីកម្ពុជាមានអាវុធអាចប្រើប្រាស់បានក៏ដោយ

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា កម្ពុជាមិនមានមហិច្ឆិតាវ៉ៃ ទៅដល់បាងកកទេ បើទោះបីកម្ពុជាមានអាវុធអាចប្រើប្រាស់បានក៏ដោយ ខណៈសម្តេចតេជោក៏ថ្លែងបែបចំអកដែរថា អាវុធអេតចាយកម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ដើម្បីការពារទឹកដី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ/សង្កាត់ ក្នុងខេត្តព្រះវិហារ កាលព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។

នាឱកាសនោះ សម្ដេចតេជោបន្តថា ហេតុអ្វីកម្ពុជាបញ្ជូនទ័ពទៅកាន់ព្រំដែន គឺមកពីរឿងកើតឡើងពីថ្ងៃទី២៨ ខែឧសភាដែលថៃលបបាញ់យោធិនកម្ពុជាពលីនៅក្នុងលេណដ្ឋាន ដូច្នេះកម្ពុជាមានសិទ្ធិការពារខ្លួន ការពារបូរណភាពទឹកដី កម្ពុជាមិនមានមហិច្ឆិតាវ៉ៃ ទៅដល់បាងកកទេ ទោះបីកម្ពុជាមានអាវុធអាចប្រើប្រាស់បានក៏ដោយ។

សម្តេចតេជោ ក៏បានថ្លែងបែបចំអកដែរថា អាវុធអេតចាយកម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ដើម្បីការពារទឹកដី ខណៈអាវុធទាំងនោះធ្លាប់បានប៉ះទង្គិចគ្នាម្តងហើយកាលពីឆ្នាំ២០០៨ និងឆ្នាំ២០១១នោះជាមួយសត្រូវ។ ការថ្លែងរបស់សម្តេចតេជោបែបនេះ គឺចង់សំដៅទៅកាន់ភាគីថៃ ដែលតែងតែអួត បង្ហាញនូវយុទ្ធោបករណ៍របស់ខ្លួនជារឿយៗនោះ។

សម្ដេចតេជោ ក៏មានប្រសាសន៍ទៀតថា កម្ពុជាមិនបានយកប្រជាជន និងប្រទេសថៃ ធ្វើជាសត្រូវនោះទេ តែប្រសិនបើគេចាត់ទុកថា កម្ពុជាជាសត្រូវសម្ដេចគ្មានជម្រើសទេ និងត្រូវចាត់ទុកអ្នកជាសត្រូវដូចគ្នា។

យ៉ាងណាមិញ សម្តេចក៏បានបញ្ជាក់ជាថ្មីម្តងទៀតថា កម្ពុជានៅតែបន្តដោះស្រាយជាមួយភាគីថៃដោយសន្តិវិធី និងដោះស្រាយតាមផ្លូវច្បាប់អន្តរជាតិ ពោលគឺតុលាការយុត្តិធម៌អន្តរជាតិ ICJ ប៉ុន្តែសម្តេច បានបញ្ជាក់ថា តាមច្បាប់អន្តរជាតិគឺយកតែតំបន់បួនទេ ដែលនឹងឡើងទៅកាន់ តុលាការឡាអេ គឺតំបន់មុំបី ប្រាសាទតាមាន់តូច តាមាន់ធំ និងប្រាសាទតាក្របី ខណៈតំបន់ផ្សេងៗទៀត នឹងបន្តដោះស្រាយគ្នាទ្វេភាគី៕ អត្ថបទ៖ ហ្សាលីន