សម្តេចតេជោ៖ តាមការរំពឹងទុកសេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានអត្រាកំណើន ៥,២% ក្នុងឆ្នាំ ២០២៥

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា តាមការរំពឹងទុកសេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានអត្រាកំណើន ៥,២% ក្នុងឆ្នាំ ២០២៥នេះ ដោយសម្តេចបានកត់សម្គាល់ចំពោះសន្ទុះរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជានៅក្នុងឆមាសទី១ ឆ្នាំ ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសន្ទរកថារបស់សម្តេចតេជោ ហ៊ុន​ សែន ក្នុងពិធីមីទ្ទីងរំលឹកខួបទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៨ ខែមិថុនា បានឱ្យដឹងថា ក្នុងដំណើរវិវត្តន៍ជាវិជ្ជមានរបស់កម្ពុជា សម្តេចបានកត់សម្គាល់ប្រកបដោយមោទនភាពចំពោះសន្ទុះរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជានៅក្នុងឆមាសទី១ ឆ្នាំ ២០២៥នេះ ជាអាទិ៍ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចត្រូវបានរក្សាយ៉ាងល្អ អតិផរណាមានកម្រិតទាប តម្លៃប្រាក់រៀលមានស្ថិរភាព ទុនបម្រុងអន្តរជាតិក៏បន្តកើន។

ជាមួយគ្នានេះ តាមការរំពឹងទុក សម្តេចតេជោ បានបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានអត្រាកំណើន ៥,២% ក្នុងឆ្នាំ ២០២៥។

ផ្អែកលើការរំពឹងទុកនៃកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៥នេះ ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មអន្តរជាតិសម្រេចបាន ២៥ ៥០៣ លានដុល្លារអាម៉េរិក កើនឡើង ១៨% ក្នុងនោះការនាំចេញមានតម្លៃ ១២ ០១៤លានដុល្លារអាម៉េរិក កើនឡើង ១៧,៩៨% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៤។

លើសពីនេះ គម្រោងវិនិយោគដែលបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងរយៈពេល ៥ ខែដើមឆ្នាំ មានចំនួន ២៩០ គម្រោង កើនឡើង ១៣៧ គម្រោង និងមានទុនវិនិយោគប្រមាណ ៤,២ ពាន់លាន ដុល្លារអាម៉េរិក កើនឡើង ១,៤ ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើនការងារបានប្រមាណ ២០ម៉ឺនកន្លែង។ រីឯចំនួនសហគ្រាសគ្រឹះស្ថានបានកើនពីចំនួន ៤៤ ៧៩៨ ដល់ចំនួន ៤៥ ៣៨៦ ដែលមានកម្មករនិយោជិត សរុប ១,៨៧ លាននាក់ កើនប្រមាណ ៥ម៉ឺននាក់។

ចំណែកឯវិស័យទេសចរកម្ពុជា បានទទួលទេសចរអន្តរជាតិ ចំនួន ២,៩៥ លាននាក់ កើនឡើង ១១,៧% ឯទេសចរជាតិមានចំនួន ១៣,១៦ លាននាក់ កើនឡើង ៥០% ធៀបនឹងរយៈពេល ៥ខែ ឆ្នាំ ២០២៤។

ជាមួយគ្នានេះ សម្តេចតេជោ ក៏បានគូសបញ្ជាក់ថា កម្ពុជាក៏បានការកសាង ពង្រីកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដូចជា ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ប្រព័ន្ធធារាសាស្ត្រ ផ្លូវ ស្ពាន អគ្គិសនី ព្រែកជីក កំពង់ផែ ព្រលានយន្តហោះ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។ល។ ដែលកំពុងត្រូវបានជំរុញ យ៉ាងខ្លាំងថែមទៀត។

ឆ្លងតាមលទ្ធផលជាក់ស្តែងទាំងអស់នេះ បានបង្ហាញថារាជរដ្ឋាភិបាលបាននិងកំពុងអនុវត្តនូវអ្វីៗដែលជាការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះមុខប្រជាជនប្រកបដោយជោគជ័យ៕