លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងថា បច្ចុប្បន្ននេះ ផ្លូវជនបទនៅទូទាំងប្រទេសមានប្រវែងសរុបជាង ៥ម៉ឺនគីឡូម៉ែត្រ ក្នុងនោះផ្លូវក្រាលកៅស៊ូ និងបេតុង ដែលធន់នឹងការប្រែប្រួលអាកាសធាតុ និងអាចប្រើប្រាស់បានគ្រប់រដូវកាល មានប្រវែង ៨ ៥២៧ គីឡូម៉ែត្រ ស្មើប្រមាណជិត ២០%ប៉ុណ្ណោះ។

លោករដ្ឋមន្រ្តីបានលើកឡើងបែបនេះ នៅក្នុងពីធីបើកការដ្ឋានសាងសង់ផ្លូវជនបទដោយក្រាលកៅស៊ូពីរជាន់ (DBST) និងក្រាលបេតុង ចំនួន ៣ខ្សែ ប្រវែងសរុប ៤១,១០គីឡូម៉ែត្រ ស្ថិតនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ក្នុងក្របខ័ណ្ឌគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា (CSLEP) ដើម្បីតភ្ជាប់តំបន់រមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល រមណីយដ្ឋានទឹកធ្លាក់ស្រែអំពិល និងរមណីដ្ឋានអន្លង់ស្វាយ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។
លោក ឆាយ ឬទ្ធីសែន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលទី ៧ នៃរដ្ឋសភា ដឹកនាំបន្តវេនដោយ សម្ដេចធិបតី បានបន្តយកចិត្តទុកដាក់ថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ ឯករាជ្យ អធិតេយ្យភាព និងបូរណភាពទឹកដី ព្រមទាំងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ក្នុងគោលដៅសម្រេចឱ្យបាននូវចក្ខុវិស័យ “កម្ពុជាជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០” តាមរយៈការដាក់ចេញ និងអនុវត្តនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដើម្បី “កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព” ព្រមទាំងបានកំណត់អាទិភាពគន្លឹះចំនួន ៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល”។

លោកបន្តថា ដើម្បីចូលរួមចំណែកអនុវត្តន៍យុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍ជនបទ ដែលមានចក្ខុវិស័យ “កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាព ប្រកបដោយបរិយាបន្ន និងចីរភាព” ក្នុងគោលបំណងប្រែក្លាយតំបន់ជនបទនៃប្រទេសកម្ពុជា ឱ្យក្លាយទៅជាតំបន់អភិវឌ្ឍរីកចម្រើនប្រកបបរិយាបន្ន និងមាននិរន្តរភាព តាមរយៈយុទ្ធសាស្ដ្រចំនួន ៥របស់ក្រសួង។ ក្នុងនោះក្រសួង បាននិងកំពុងយកចិត្តទុកដាក់លើការលើកកម្រិតគុណភាពហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍ជនបទពីផ្លូវក្រាលដីស និងផ្លូវល្បាយក្រួសទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ ឬផ្លូវបេតុងប្រកបដោយភាពធន់ ដើម្បីបង្កើនការតភ្ជាប់ និងជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ ដូចពាក្យស្លោក “មានផ្លូវគឺមានក្តីសង្ឃឹម”។
លើសពីនេះ លោករដ្ឋមន្ត្រីបានប្តេជ្ញាចិតបង្កើនកិច្ចសហការជាមួយ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងការចូលរួមតភ្ជាប់ និងលើកកម្រិតផ្លូវជនបទទៅដល់តំបន់គោលដៅទេសចរណ៍ ដើម្បីចូលរួមលើកស្ទួយវិស័យទេសចរណ៍នេះឱ្យក្លាយជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ។

លោករដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថា «បច្ចុប្បន្ននេះ ផ្លូវជនបទនៅទូទាំងប្រទេសមានប្រវែងសរុបជាង ៥ម៉ឺនគីឡូម៉ែត្រ ដោយក្នុងនោះផ្លូវក្រាលកៅស៊ូ និងបេតុង ដែលធន់នឹងការប្រែប្រួលអាកាសធាតុ និងអាចប្រើប្រាស់បានគ្រប់រដូវកាល មានប្រវែង ៨ ៥២៧ គីឡូម៉ែត្រ ស្មើប្រមាណ ជិត ២០%ប៉ុណ្ណោះ»។
លោកបន្ថែមថា ជាក់ស្ដែង ពិធីបើកការដ្ឋានសាងសង់ផ្លូវជនបទ មានប្រវែងសរុប ៤១,១០ គីឡូម៉ែត្រ នៅខេត្តកំពង់ឆ្នាំងនេះនឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជន ចំនួន ៦ ៨៨២ គ្រួសារ ស្មើនឹង ២៨ ៥៩៨នាក់ រស់នៅក្នុងភូមិចំនួន ១២ ឃុំចំនួន៤គឺ ឃុំក្តុលសែនជ័យ ខ្លុងពពក ជៀប និងឃុំក្បាលទឹក នៃស្រុកទឹកផុស ជាពិសេសជួយជំរុញកំណើនភ្ញៀវទេសចរណ៍ចូលមកទស្សនាកម្សាន្តនៅតំបន់សហគមន៍អេកូទេសចណ៍ទាំង ៣ ដែលជាការអភិវឌ្ឍសេដ្ឋកិច្ចនៅតំបន់ទេសចរណ៍ធម្មជាតិ ឱ្យកាន់តែរីកចម្រើនថែមទៀត៕




