ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្រោយស្មារតីនៃកិច្ចព្រមព្រៀងរវាងកម្ពុជានិងថៃ ក្នុងកិច្ចប្រជុំពិសេសនៅប្រទេសម៉ាឡេស៊ី គឺមានកិច្ចការធំៗមួយចំនួន ដែលយើងត្រូវតែដោះស្រាយ។

ជារួមក្រោយ ឯកភាពឈប់បាញ់គ្នារវាងកម្ពុជា-ថៃ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ សម្តេចធិបតី បាននិយាយលេងបន្ធូរអារម្មណ៍ថា៖«ដោយសារសមរភូមិមុខមានការធូរស្រាលបន្ទាប់ពីមានការឈប់បាញ់ ចាប់តាំងពីម៉ោង១២យប់មិញ តាមស្មារតីនៃកិច្ចព្រមព្រៀងរវាងកម្ពុជានិងថៃ ក្នុងកិច្ចប្រជុំពិសេសនៅប្រទេសម៉ាឡេស៊ីម្សិលមិញ»។ល្ងាចមិញជំនួយការខ្ញុំម្នាក់ផ្ញើសារប្រាប់ខ្ញុំថា គាត់ឃើញខ្ញុំដូចកើនអាយុ ៥ឆ្នាំ ក្នុង ៥ថ្ងៃនេះ ដោយសារឃើញមុខរៀងស្លក់ ហើយសក់ស្កូវច្រើន មានម្នាក់ទៀតអោយយោបល់ថា ខ្ញុំគួរលាបសក់កុំអោយមើលទៅចាស់ពេក។ ខ្ញុំប្រាប់ថា អារម្មណ៍ពេលនេះអត់នៅជាមួយពណ៌សក់របស់ខ្ញុំទេ»។
សម្តេចធិបតី បន្តថា៖« អារម្មណ៍របស់ខ្ញុំទាំងអស់នៅអំឡុងពេលនេះ គឺនៅជាប់ជាមួយនឹងកិច្ចការធំៗមួយចំនួន ÷ តាមដានស្ថានការណ៍សមរភូមិមុខ និងដោះស្រាយគាំទ្រដល់កងកម្លាំងរបស់យើងដែលកំពុងប្រយុទ្ធការពារបូរណភាពទឹកដី, រៀបចំគោលនយោបាយសម្រាប់យុទ្ធជនរបួស-ពលីឱ្យបានសមរម្យ, ដោះស្រាយសុខទុក្ខរបស់បងប្អូនជនភាសសឹករាប់សែននាក់, ដោះស្រាយបញ្ហាពលករដែលត្រលប់មកវិញជាគំហុកពីប្រទេសថៃ។ល»។
ទន្ទឹមគ្នានេះ សម្តេចថា បញ្ហាគន្លឹះក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ គឺការស្វែងរកវិធីសាស្ត្រដោះស្រាយបញ្ចប់ការប្រយុទ្ធគ្នាឲ្យបានឆាប់ជាទីបំផុត ដើម្បីជួយសង្គ្រោះជីវិតមនុស្សទាំងកងកម្លាំងប្រដាប់អាវុធនិងប្រជាជនស៊ីវិលដែលរស់ក្នុងតំបន់ប្រយុទ្ធគ្នា កុំឱ្យបន្តស្លាប់និងរងរបួស។ ការឈប់ប្រយុទ្ធគ្នាកាន់តែឆាប់ ក៏អាចឱ្យប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដូចជាជនភាសសឹក អាចវិលត្រឡប់ទៅទីលំនៅរបស់ពួកគាត់និងធ្វើការងារចិញ្ចឹមជីវភាពរស់នៅជាប្រក្រតីវិញកាន់តែឆាប់ដែរ។

ជាថ្មីម្តងទៀត សម្តេចក៏បានបន្ថែមទៀតថា៖« ក្នុងស្ថានភាពប្រទេសជាតិ និងប្រជាជនកំពុងជួបការលំបាកបែបនេះ រូបខ្ញុំមើលទៅចាស់បន្តិចដោយសារសក់ស្កូវមិនអីទេ។ ហើយបើទោះបីជាមើលទៅចាស់បន្តិច កម្លាំងខ្សោយជាងកាលពី១០ឆ្នាំមុនបន្តិច ប៉ុន្តែកម្លាំងចិត្តក្នុងការប្រឈមដោះស្រាយបញ្ហា ចំពោះមុខទាំងអស់គឺនៅតែខ្លាំងដដែល។ ចាំដោះស្រាយបញ្ហាទាំងអស់នោះបានចប់ ហើយកងទ័ពនិងប្រជាជនបានសេចក្តីសុខ ប្រទេសជាតិបានទទួលនូវសុខសន្តិភាពវិញសិន ចាំលាបសក់ក៏មិនអីដែរ»។
សូមជម្រាបថា ប្រមុខដឹកនាំ កម្ពុជា និងថៃ បានសម្រេចឯកភាពលើកិច្ចចរចាបទឈប់បាញ់គ្នា លើបទឈប់បាញ់ ដោយគ្មានលក្ខណ្ឌ ដែលនឹងចាប់អនុវត្តពីម៉ោង ១២ យប់ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះតទៅ។កិច្ចចរចាឈប់បាញ់គ្នារវាងភាគីទាំងពីរនេះ គឺកើតមានឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្នើឱ្យមេដឹកនាំកម្ពុជា និងថៃ ចរចាគ្នាលើបទឈប់បាញ់គ្នាជាបន្ទាន់៕ អត្ថបទ៖ ហ្សាលីន

