លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានសម្រេចបន្ថយអត្រាពន្ធគយសម្រាប់កម្ពុជា ពី ៣៦% មកនៅត្រឹម ១៩%។ នេះបើតាម The White House ប្រកាសឱ្យដឹង នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥។

អត្រាពន្ធបដិកាថ្មីនេះ ជាកម្រិតល្អមួយជួយឱ្យកម្ពុជា កាន់តែទាក់ទាញវិនិយោគិនមកបណ្តាក់ទុននៅកម្ពុជា និងជំរុញឱ្យការធ្វើពាណិជ្ជកម្មកាន់តែល្អជាងមុន។
ជាមួយគ្នានេះ អត្រាពន្ធគយថ្មីសម្រាប់ថៃ បានថយចុះពី ៣៦% មកនៅត្រឹម ១៩% ផងដែរ។ រីឯប្រទេសអាស៊ានផ្សេងៗទៀត ទទួលបានអត្រាដូចជា៖ សិង្ហបុរី ១០%, ហ្វីលីពីន ១៩%, ឥណ្ឌូនេស៊ី ១៩%, ម៉ាឡេស៊ី ១៩%, វៀតណាម ២០%, ប្រ៊ុយណេ ២៥%, ឡាវ ៤០%, មីយ៉ាន់ម៉ា ៤០%។
សូមជម្រាបថា ក្រោមការដឹកនាំរបស់លោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា និងលោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម កម្ពុជាបានចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការវាងកម្ពុជា និងសហរដ្ឋអាមេរិកចំនួន ២លើករួចមកហើយនៅទីក្រុងវ៉ាស៊ិនតោន សហរដ្ឋអាមេរិក គឺជុំទី១នៅខែឧសភា និងជុំ២នៅខែមិថុនា និងប្រជុំតាមប្រព័ន្ធអនឡាញម្តងទៀត នាដើមខែកក្កដា ឆ្នាំ២០២៥ ខណៈអត្រាពន្ធដំបូងកំណត់ដល់ ៤៩% មុនទទួលបានការបន្ថយពន្ធជាផ្លូវការមកដល់ត្រឹម ១៩% បែបនេះ។ អត្រាពន្ធគយថ្មីនេះ នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥នេះតទៅ៕






