លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់កម្ពុជា នៅល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា កម្លាំងជំនាញ CMAC ប្រទះឃើញគ្រាប់ផ្សែងប្រភេទគ្រាប់ផ្លោង១៥៥មម មានផ្ទុកសារធាតុឆេះ និងផ្សែងពុលប្រភេទ White Phosphorus(WP)។

អគ្គនាយកស៊ីម៉ាក់បានលើកឡើងថា «កម្លាំងជំនាញអង្គភាពCMAC បានចុះស្រាវជ្រាវដាក់ស្លាកសញ្ញានិងបោសសម្អាតបន្ទាន់ តំបន់ដែលរងផលប៉ះពាល់ដោយសារសង្គ្រាម៥ថ្ងៃជាមួយសៀម! កម្លាំងជំនាញបានប្រទះឃើញគ្រាប់ផ្សែងដែលជាប្រភេទគ្រាប់ផ្លោង១៥៥មមមានផ្ទុកសារធាតុឆេះនិងផ្សែងពុលប្រភេទ White Phosphorus (WP) ដែលទាហានសៀមបានបាញ់ក្នុងសង្គ្រាមនេះ»។
លោកបានសង្កត់ធ្ងន់ថា គ្រាប់ផ្លោង១៥៥មមនេះ មានលេខ THS856105-011 155MM M825 បានប្រទះឃើញនៅតំបន់វាលស្រែប្រជាពលរដ្ឋស្ថិតនៅភូមិសាស្ត្រស្រុកបន្ទាយអំពិល ខេត្តឧត្តររមានជ័យ។
នៅក្នុងរឿងនេះ លោកហេង រតនា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមមេត្តាមានការប្រុងប្រយត្ន័ជាមួយគ្រាប់មិនទាន់ផ្ទុះ សំណល់សង្គ្រាមដែលមានផ្សែងពុលនេះ ករណីជួបប្រទះសូមប្រញាប់រាយការណ៍មកកម្លាំងជំនាញCMAC ដើម្បីចាត់វិធានការសុវត្ថិភាពជូន៕









