កម្ពុជាបានទាញចំណូលប្រមាណ១ ៩៨៧លានដុល្លារសហរដ្ឋអាម៉េរិក ពីវិស័យស្រូវអង្ករ

សង្គម​ និង​សេដ្ឋកិច្ច

វិស័យស្រូវអង្ករកម្ពុជា បានដើរតួនាទីជាសសរស្តម្ភមួយយ៉ាងសំខាន់ក្នុងការទ្រទ្រង់វិស័យសន្តិសុខស្បៀង និងសេដ្ឋកិច្ច ដែលរយៈពេលជាង ១០ឆ្នាំមកនេះ វិស័យស្រូវអង្ករកម្ពុជាបានធ្វើឱ្យមានលំនឹងសន្តិសុខស្បៀង និងការពង្រីកសក្តានុពលពាណិជ្ជកម្ម និងវិនិយោគ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង ក្នុងឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករបានជាង ៦៥១ពាន់តោន និងស្រូវបានជាង ៥,១លានតោន  ដែលផ្តល់ចំណូលសរុបជាង ១ ៩៨៧លានដុល្លារសហរដ្ឋអាម៉េរិក។

ក្នុងពិធីអបអរសាទរខួប ១០ឆ្នាំ នៃការបង្កើតសហព័ន្ធស្រូវអង្ករកម្ពុជា កំណែទម្រង់មុខមាត់កម្ពុជាលើវិស័យស្រូវអង្ករ កាលពីថ្ងៃទី១៦ ខែមិថុនា លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា វិស័យស្រូវអង្ករ បានទាញយកការវិនិយោគពីវិនិយោគិនក្នុងស្រុក និងក្រៅប្រទេស និងបានជំរុញឱ្យវិស័យនេះឱ្យមានការវិនិយោគយ៉ាងគំហុកពីរោងម៉ាស៊ីនកិនស្រូវ។ រោងម៉ាស៊ីនកិនស្រូវក្នុងស្រុកបានពីតិចជាង ១០ទីតាំង ដល់ទៅជាង ៨០ទីតាំង ដែលមានបំពាក់នូវឧបករណ៍សម្ភារៈបច្ចេកវិទ្យាទំនើបបំផុតចុងក្រោយរបស់ពិភពលោក។

សូមបញ្ជាក់ថា វិស័យកសិកម្មបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ រាជរដ្ឋាភិបាលនៅតែផ្ដល់អាទិភាពលើដំណាំស្រូវ ដែលជាដំណាំយុទ្ធសាស្ត្រ យូរអង្វែងរបស់កម្ពុជា។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញគោលនយោបាយចាំបាច់ ដើម្បីគាំទ្រដំណាំស្រូវ និងធានាបាននូវភាពប្រកួតប្រជែងរបស់វិស័យស្រូវអង្ករកម្ពុជា តាមរយ:ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់, ការសម្រួលការដឹកជញ្ជូន និងការកាត់បន្ថយថ្លៃដើមផលិតកម្ម ក៏ដូចជាជំរុញភាពម្ចាស់ការលើខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក និងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ៕