អន្តរក្រសួង បានរៀបចំឱ្យមានសន្និសីទអ្នកវិនិយោគ ជំរុញគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ (SHV-LC) សំដៅឈានទៅបង្កើតកិច្ចសហការយុទ្ធសាស្ត្រកម្រិតខ្ពស់ជាមួយអ្នកវិនិយោគជាតិ និងអន្តរជាតិ។

សន្និសីទអ្នកវិនិយោគជំរុញគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ បានរៀបចំឡើងកាលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ក្រោមវត្តមានមន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គណៈអភិបាលខេត្តព្រះសីហនុ តំណាងស្ថាប័នសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ,កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងមន្ត្រីជំនាញពាក់ព័ន្ធនៃក្រសួងទាំងពីរ។
សន្និសីទនេះ ត្រូវបានរៀបចំឡើងក្រោមការសហការរៀបចំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, និង ស្ថាប័នសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ក្នុងគោលបំណង៖ ១. បង្ហាញនូវសក្ដានុពល និងភាពទាក់ទាញរបស់គម្រោង SHV-LC ដល់អ្នកវិនិយោគដែលមានសក្តានុពល កម្រិតអន្តរជាតិ, ២. បង្កើតកិច្ចសហការយុទ្ធសាស្ត្រកម្រិតខ្ពស់ជាមួយអ្នកវិនិយោគជាតិ និងអន្តរជាតិ, និង ៣. ស្វែងយល់ និងប្រមូលមតិយោបល់ពីសំណាក់អ្នកវិនិយោគជាតិ និងអន្តរជាតិ។

គួរបញ្ជាក់ថា សន្និសីទនេះ បានប្រមូលផ្តុំបណ្ដាក្រុមហ៊ុនជាតិ និងអន្តរជាតិ ជាច្រើន ដើម្បីពិភាក្សាអំពីកាលានុវត្តភាពនៃការវិនិយោគ, និងទិសដៅគោលដៅនយោបាយ របស់រដ្ឋាភិបាលក្នុងការគាំទ្រលើការអភិវឌ្ឍន៍គម្រោងមជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ (SHV-LC) នេះ។ គួរបញ្ជាកដែរថា សន្និសីទនេះត្រូវបានរៀបចំឡើងម្ដងរួចហើយ កាលពីថ្ងៃទី១៦-១៧ ខែមីនា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី៕អត្ថបទ៖ហ្សាលីន

