កម្ពុជា កំពុងធ្វើពិពិធកម្មទីផ្សារទេសចរណ៍អន្តរជាតិឱ្យមានលក្ខណៈទូលំទូលាយ ដោយចាប់យកទីផ្សារទេសចរណ៍មូស្លីម ដែលជាទីផ្សារមានសក្តានុពលមកបំពេញបន្ថែមទីផ្សារទេសចរណ៍អន្តរជាតិដែលមានស្រាប់។ ក្នុងន័យនេះ កម្ពុជា សូមស្វាគមន៍ភ្ញៀវទេសចរមូស្លីម មកពីគ្រប់ទិសទីនៅទូទាំងពិភពលោក។

ថ្លែងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការទទួលបដិសណ្ឋារកិច្ចទេសចរណ៍មូស្លីម និងស្តង់ដាមូស្លីមហ្រ្វែនលីកម្ពុជា នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា បន្ទាប់ពីការដាក់ចេញផែនការអភិវឌ្ឍន៍ទេសចរណ៍មូស្លីម (២០២៣-២០២៧) ដែលជាត្រីវិស័យដ៏សំខាន់ក្នុងការទាក់ទាញទេសចរណ៍ ស្តង់ដាមូស្លីមហ្រ្វែនលី គឺជាយន្តតូបករណ៍មួយដ៏សំខាន់ដែលបង្ហាញឱ្យឃើញពីការត្រៀមខ្លួនរបស់កម្ពុជាក្នុងការរៀបចំគោលដៅទេសចរណ៍មូស្លីម មូលដ្ឋានអាជីវកម្មទេសចរណ៍មូស្លីម និងការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅជូនទេសចរមូស្លីម។
ជាមួយគ្នានេះ ការរៀបចំវគ្គបណ្តុះបណ្តាលនេះ ក្នុងគោលបំណងពង្រឹងសមត្ថភាព ចែករំលែកចំណេះដឹង និងបញ្ជ្រាបការយល់ដឹង ដល់ប្រតិបត្តិករក្នុងឧស្សាហកម្មទេសចរណ៍ វិស័យឯកជន និងភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ អំពីការត្រៀមខ្លួន និងរៀបចំគោលដៅមូលដ្ឋានអាជីវកម្មទេសចរណ៍ ក្នុងការទទួលបដិសណ្ឋារកិច្ចទេសចរមូស្លីម សំដៅជំរុញកំណើនទេសចរណ៍មូស្លីម ដែលជាតម្លៃបន្ថែមខ្ពស់ក្នុងវិស័យទេសចរណ៍ ស្របតាមផែនការអភិវឌ្ឍន៍ទេសចរណ៍មូស្លីម(២០២៣-២០២៧)។

គួរឱ្យដឹងថា បើយោងតាមរបាយការណ៍របស់ Global Muslim Travel Index បានបង្ហាញថាចំនួនទេសចរមូស្លីម បានធ្វើដំណើរទូទាំងសកលលោកមានប្រមាណ ១៧៦លាននាក់ នៅឆ្នាំ២០២៤ កើនឡើង ២៥% ធៀបនឹងឆ្នាំ២០២៣ និងកើនឡើង១០% បើធៀបនឹងមុនពេលកូវីដ-១៩ ព្រមទាំងរំពឹងថានឹងបន្តកើនឡើងប្រមាណ ១៨៦លាននាក់ នៅឆ្នាំ២០២៥។
លោករដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា កត្តាទាំងនេះ បានបង្ហាញឱ្យឃើញពីកាលានុវត្តភាពកាន់តែប្រសើរឡើងសម្រាប់កម្ពុជាក្នុងការច្បាមយកឱកាស និងធ្វើពិពិធកម្មទីផ្សារទេសចរណ៍ ដើម្បីពង្រឹង និងពង្រីកសក្ដានុពលវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែទូលំទូលាយ និងរីកចម្រើនប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់ តាមរយៈការចាប់យកទីផ្សារទេសចរណ៍មូស្លីម មកបំពេញបន្ថែមទីផ្សារអន្តរជាតិដែលមានស្រាប់។

សូមបញ្ជាក់ថា រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក៏បានផ្តល់អនុសាសន៍ដល់ក្រុមការងារទេសចរណ៍មូស្លីម ដោយឱ្យពន្លឿនការរៀបចំសៀវភៅមូស្លីមហ្វ្រែនលីកម្ពុជា ដើម្បីជាមូលដ្ឋានគ្រឹះសម្រាប់ការងារបដិសណ្ឋារកិច្ចទេសចរមូស្លីម ពិសេសបន្តនិងពង្រឹងកិច្ចសហការឱ្យបានជិតស្និទ្ធជាមួយអង្គភាពពាក់ព័ន្ធដើម្បីរៀបចំវគ្គបណ្តុះបណ្តាលនេះជាបន្តបន្ទាប់ ជំរុញមូលដ្ឋានអាជីវកម្មទេសចរណ៍ និងភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ទទួលបានការយល់ដឹងបន្ថែមទៀត អំពីការទទួលបដិសណ្ឋារកិច្ចទេសចរមូស្លីមនិងស្តង់ដាមូស្លីមហ្វ្រែនលីកម្ពុជា។
លោកក៏បានស្នើមូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់សូមបន្តពង្រឹងគុណភាពសេវាកម្មរបស់ខ្លួនឱ្យមានគុណភាពកាន់តែល្អប្រសើរឡើងជាលំដាប់ ជាមួយការរក្សាបាននូវថ្លៃសមរម្យ និងពិនិត្យលទ្ធភាពបញ្ចូលសម្បទាគ្រប់គ្រាន់ក្នុងការទទួលទេសចរណ៍មូស្លីម ដែលជាតម្លៃបន្ថែមនៃការផ្តល់សេវាកម្មរបស់ខ្លួនផងដែរ៕




