លោក Ritesh Kumar Singh នាយកប្រតិបត្តិតែងតាំងថ្មីរបស់ក្រុមហ៊ុនស្មាត អាស្សាតា (Smart Axiata) បានប្តេជ្ញាពង្រឹងការវិនិយោគ និងពង្រីកការផ្ដល់សេវាជូនពលរដ្ឋកម្ពុជាឱ្យកាន់តែល្អកាន់តែល្អ។ លោកលើកឡើងបែបនេះ ក្នុងជំនួបពិភាក្សាជាមួយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥។

ក្នុងជំនួបនេះ លោក Ritesh Kumar Singh បានលើកឡើងថា ក្នុងនាមលោកជានាយកប្រតិបត្តិថ្មី លោកនឹងបន្តរក្សាការផ្ដល់សេវាល្អប្រសើរជូនអតិថិជនពោលរាល់អ្នកគាំទ្រដល់ផលិតផលរបស់ក្រុមហ៊ុនស្មាត អាស្សាតានាពេលកន្លងមក។ ជាមួយគ្នានេះ លោកថា ក្នុងនាមក្រុមហ៊ុន លោកក៏បានស្នើសុំការបន្តគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពិសេសកិច្ចសម្រួលវិនិយោគបន្ថែមទៀតលើប្រតិបត្តិការក្រុមហ៊ុននៅកម្ពុជាផងដែរ។
ក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះក្រុមហ៊ុនដែលបានបណ្ដាក់ទុនវិនិយោគនៅកម្ពុជា បន្តពង្រឹងការវិនិយោគ និងពង្រីកការផ្ដល់សេវាឱ្យកាន់តែល្អប្រសើរជូនដល់ប្រជាពលរដ្ឋ។

លោក ស៊ុន ចាន់ថុល បានណែនាំឱ្យក្រុមហ៊ុនសហការជាមួយCDC ក្នុងការចូលរួមប្រើប្រាស់នូវសក្តានុពលសេវាដែលខ្លួនមាន ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិឱ្យបានកាន់តែល្អប្រសើរឡើងមួយកម្រិតថែមទៀត។ លោក ក៏បានណែនាំឱ្យក្រុមហ៊ុនសហការជាមួយក្រុមការងារបច្ចេកវិទ្យាឌីជីថលរបស់CDC លើការធ្វើឌីជីថលូបនីកម្មក្នុងការផ្តល់សេវាសាធារណៈរបស់ស្ថាប័នឱ្យកាន់តែប្រសើរ។
សូមជម្រាបថា ក្រុមហ៊ុនស្មាត អាស្សាតា បានបណ្តាក់ទុនវិនិយោគនៅកម្ពុជាតាំងពីឆ្នាំ២០០៨ បច្ចុប្បន្នបានបង្កើតការងារជូនប្រជាពលរដ្ឋជិត ៥ម៉ឺនកន្លែងទូទាំងប្រទេស បម្រើដល់អតិថិជនជាង ៨លាននាក់ ក្រោយទទួលបានការលើកទឹកចិត្តពីរាជរដ្ឋាភិបាល ស្របតាមការកំណត់ក្នុងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងបទដ្ឋានគតិយុត្តជាធរមាន។ ភាពរីកចម្រើនរបស់ក្រុមហ៊ុននេះក៏បានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ តាមរយៈការចូលរួមបង់ចំណូលថវិកាជាតិ៕ អត្ថបទ៖ ហ្សាលីន

