រដ្ឋ​មន្រ្តី​ក្រសួងកសិកម្ម លើកទឹកចិត្តដល់​កសិករ នៅ​ជុំវិញ កសិដ្ឋាន​គិ​រីសួគ៌ សហការ​ជាមួយក្រុមហ៊ុន ដើម្បីទទួលផល​​ចំណេ​ញរួមគ្នា

សង្គម​និង​សេដ្ឋកិច្ច


លោក ឌិត ទីណា រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានលើកទឹកចិត្ត​ដល់កសិករ​​នៅ​​ជុំវិ​ញ​​​កសិដ្ឋាន​ចិញ្ចឹម​គោ​យកទឹកដោះ​គិរីសួគ៌ សហការជាមួយក្រុមហ៊ុន​ ដើម្បីទទួលផល​ចំណេញ​រួមគ្នា ។ ការផ្ញើសារ​លើកទឹកចិត្តដល់​កសិក​រ​ដូច​នេះ បានធ្វើឡើងនៅដំណើរទស្សនកិច្ចនៅកសិដ្ឋានចិញ្ចឹមគោ​យក​​ទឹកដោះគិរីសួគ៌ នៅ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ នា​ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ឌិត ទីណា បានលើកឡើងថា ក្រសួងកសិកម្មនឹងព្យាយាមលុបបំបាត់ភាពមិនទុក ចិត្តគ្នារវាង​កសិករ និងអ្នក​​វិនិ​យោគ​​​​ក្នុងវិស័យកសិកម្ម ដើម្បីទទួលបានប្រយោជន៍រួមគ្នា។ ជាក់ស្តែងដូចជា កសិ​ដ្ឋាន​​​ចិញ្ចឹម​គោយកទឹក​ដោះគិរីសួគ៌ ដែល​កំពុងប្រតិបត្តិការដោយបច្ចេកទេសទំនើប ប៉ុន្តែកសិករនៅ​​ជុំវិញ​ក​សិដ្ឋាន​​បែរជាធ្វើតាម​​បែបបុរាណ ដា​ច់​ដោយ​ឡែក​ពីគ្នា។

លោករដ្ឋមន្ត្រី បានបន្ថែមថា កសិករអាចចូលរួមចំណែកជាមួយការពង្រីកក្នុងចង្វាក់ផលិតកម្មផ្សេងៗ តាមរយៈ​ការដាំដុះ​តាម​កិច្ចសន្យា ហើយប្រសិនបើកសិករមិនមានភាពទុកចិត្តគ្នានោះទេ វិស័យ​​កសិកម្ម​​ក៏គ្មានភាពរីកចម្រើននោះដែរ។ ជា​មួ​យ​​គ្នានេះ ក្រសួងនឹងព្យាយាមសម្របសម្រួល កសាងទំនុក​ចិត្ត​​រវាង​​កសិករ​​និងវិស័យឯកជន ដើម្បីឲ្យមានភាព​ជឿជាក់​ធ្វើការ​ជាមួយគ្នា ហើយក្រសួងក៏ស្នើដល់​កសិករ​ទាំង​អស់ដែលនៅជុំវិញអភិវឌ្ឍន៍ កុំមានអារម្មណ៍ថាគ្មានឳកាស។

គួរបញ្ជាក់ថា កសិដ្ឋាន​ចិញ្ចឹមគោយកទឹកដោះ​គិរីសួគ៌​ដែល​ស្ថិត​នៅ​ភូមិ​ឱភាសាំង ឃុំ​កណ្ដឹង ស្រុកបាទី ខេត្ត​តាកែវ បាន​ដំណើ​រ​​​​ការ​រយៈពេលជាង ៤​ឆ្នាំមកហើយ​តាំងពីផ្ដើមការ​សាងសង់​រហូត​ដល់ទទួល​បានតំណក់ទឹកដោះគោដំបូង។ កសិដ្ឋាន​ក៏​បាន​លក់​ចែកចាយផលិតផល​របស់ខ្លួន​មានទឹកដោះ​គោស្រស់ និង​យ៉ាអួ ច្រើនរសជាតិ នៅលើទីផ្សារ តាមផ្សារទំនើប ផ្សារធម្មតា ពីរបីពាន់​កន្លែង​ ដោយ​​ទទួល​បានការគាំទ្រ​យ៉ាងខ្លាំង៕