លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញការអនុវត្តបានយ៉ាងល្អប្រសើរនូវកម្មវិធី គោលនយោបាយអាទិភាពទី៥ និងទី៦ ក្នុងវិស័យកសិកម្ម។ ជាក់ស្តែង ដើម្បីរក្សាលំនឹងថ្លៃ កសិផលដែលត្រូវការថវិកាត្រៀមបម្រុងចំនួន ១០០លានដុល្លារ រាជរដ្ឋាភិបាលបានបញ្ចេញ ថវិកាចំនួន៤លើក ដើម្បីជួយរក្សាលំនឹងថ្លៃស្រូវជូនបងប្អូនប្រជាពលរដ្ឋ។

លោកលើកឡើងបែបនេះនៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាមនៅថ្ងៃទី១៦ ខែកញ្ញាឆ្នាំ២០២៥។ លោកបន្តថា ថវិកាបម្រុងចំនួន១០០លានដុល្លារដែលរាជរដ្ឋាភិបាលបានបញ្ចេញ លើកលើកទី១ មានចំនួន ២៨,៥លានដុល្លារ, លើកទី២ ចំនួន ៤០លានដុល្លារ ក្នុងឆ្នាំ២០២៤, លើកទី៣មានចំនួន ៣០លាន ដុល្លារនៅដើមឆ្នាំ២០២៥ និងលើកទី៤មានចំនួន ២០លានដុល្លារ ក្នុងរដូវប្រមូលផលចាប់ពី ខែសីហា កន្លងមកនេះ ដើម្បីគាំទ្រដល់បណ្តារោងម៉ាស៊ីនកិនស្រូវក្នុងស្រុក ក្នុងលក្ខណៈជាកម្ចី បង្វិលសងវិញជាបន្តបន្ទាប់ ក្នុងការបង្កើនការប្រមូលទិញស្រូវជួយដល់បងប្អូនកសិករ ដែលកំពុងជួបបញ្ហាស្រូវធ្លាក់ថ្លៃ ដោយសារការប្រែប្រួលនៃសេដ្ឋកិច្ច និងពាណិជ្ជកម្ម ពិភពលោក ជាពិសេសការធ្លាក់ថ្លៃអង្ករលើទីផ្សារអន្តរជាតិ ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង ស្ថាប័ន ពាក់ព័ន្ធ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សហព័ន្ធស្រូវអង្ករកម្ពុជា ម្ចាស់រោងម៉ាស៊ីន កិនស្រូវនិងមន្ត្រីកសិកម្មឃុំទាំងអស់ ដែលបាន និងកំពុងជួយរកទីផ្សារ និងសម្របសម្រួល ការលក់ស្រូវរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។

លោករដ្ឋមន្ត្រីលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាតែងតែចាត់ទុកវិស័យកសិកម្ម ក្នុងការធានាសន្តិសុខស្បៀង លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងរួមចំណែកដល់ការលើកស្ទួយ កំណើនសេដ្ឋកិច្ចជាតិ។ សម្តេចតេជោ បានដឹកនាំឱ្យមានកំណែទម្រង់ជាបន្តបន្ទាប់ក្នុងវិស័យកសិកម្ម ដែលជាលទ្ធផលបានប្រែក្លាយប្រទេសកម្ពុជាពីប្រទេសដែលខ្វះស្បៀង និងពឹងផ្អែកលើជំនួយស្បៀងពីបរទេស ទៅជាប្រទេសកសិកម្មរីកចម្រើន មានសន្តិសុខស្បៀងពេញលេញ មានផលិតផលកសិកម្មសម្បូរបែប និងនាំចេញកសិផលរាប់លានតោនទៅបរទេស ដែលមិនត្រឹមតែនាំមកវិញនូវរូបិយបណ្ណបរទេស ដើម្បីជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកធានាសន្តិស្បៀងក្នុងតំបន់ និងពិភពលោកថែមទៀតផង។
ក្នុងនីតិកាលទី៧ នៃរដ្ឋសភានេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ស្វាហាប់ និងប្រកបដោយ ចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តផ្តល់អាទិភាពដល់វិស័យកសិកម្ម ជាពិសេសការធានាសន្តិសុខស្បៀងក្នុងគ្រប់កាលៈទេសៈ។ ទោះបីជាសេដ្ឋកិច្ចកម្ពុជាបានឈានដល់កម្រិត និងដំណាក់កាលថ្មីនៃការអភិវឌ្ឍ តាមរយៈការស្ទុះឡើងក្នុងវិស័យនានា ដូចជា ឧស្សាហកម្មវាយនភណ្ឌ ទេសចរណ៍ សេវាកម្ម ហិរញ្ញវត្ថុ សំណង់ ក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តចាត់ទុកសន្តិសុខស្បៀងគឺជាមូលដ្ឋានដ៏ សំខាន់ក្នុងការធានាស្ថិរភាពសេដ្ឋកិច្ច នយោបាយ និងសង្គមដដែល៕

