រដ្ឋបាលខេត្ដបន្ទាយមានជ័យ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះ បានបង្ហាញពីកំណត់ហេតុសង្ខេបស្ដីពីសកម្មភាពល្មើសរបស់ថៃ លើដែនអធិបតេយ្យកម្ពុជា ចាប់ពីយប់ថ្ងៃទី១២ ដល់ព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥។

តាមរយៈកំណត់ហេតុនេះ បានឱ្យដឹងថា សម្រាប់សកម្មភាពល្មើសរបស់ថៃ លើដែនអធិបតេយ្យកម្ពុជា ស្ថិតនៅភូមិជោគជ័យ គឺភាគីថៃបានចាក់បំពងសំឡេងខ្លាំងៗ ជាអាទិ៍ សំឡេងភាពយន្ដឯកសារសំឡេង តន្រ្ដីចម្រៀងថៃ តន្រ្ដីចម្រៀងប្រពៃណីខ្មែរ សំឡេងព្រះសង្ឃសូត្រធម៌ និងសំឡេងព្រឺព្រួចជាច្រើនទៀតចំនួន៣លើក។ លើកទី១ ពីម៉ោង៧:១០នាទីយប់ ដល់ម៉ោង៨:០០នាទីយប់។ លើកទី២ ពីម៉ោង៩:៣០នាទីយប់ដល់ ម៉ោង១០:២០នាទីយប់ និងលើកទី៣ ពីម៉ោង៤:៤៩នាទីទៀបភ្លឺ ដល់ម៉ោង៥:០៧នាទីព្រឹក។
ចំពោះសកម្មភាពនៅភូមិព្រៃចាន់វិញ ភាគីថៃបានបន្តធ្វើសកម្មភាពល្មើសចំនួន៣លើកទៀត រួមមានលើកទី១បញ្ចាំងភាពយន្ត ដោយប្រើឧបករណ៍បំពងសំឡេងខ្លាំងៗ ចាប់ពីម៉ោង៧:២៩នាទីយប់ ដល់ម៉ោង១១:២៣នាទីយប់។ លើកទី២ ចាក់ធុងបាស់ បំពងសំឡេងខ្លាំងៗពីម៉ោង១១:៣៦នាទីយប់ ដល់ម៉ោង១២: ០២ នាទីយប់ និងលើកទី៣ ចាប់ពីម៉ោង ១:៤០នាទីយប់ ដល់ម៉ោង ៣:៣០នាទីទៀបភ្លឺ។
រដ្ឋបាលខេត្ដបន្ទាយមានជ័យ សង្កត់ធ្ងន់ថា សំឡេងដែលបានចាក់បំពងឮខ្លាំងៗនោះ ក៏មានសំឡេងស្មូតខ្មែរ និងសំឡេងផ្សេងៗទៀតដូចគ្នាទៅនឹងភូមិជោគជ័យដែរ៕








