ជប៉ុន បានផ្តល់ជំនួយសង្គ្រោះបន្ទាន់ឥតសំណងប្រមាណ ១.៨ លានដុល្លារ ឆ្លើយតបនឹងតម្រូវការមនុស្សធម៌ជាបន្ទាន់សម្រាប់ជនភៀសសឹកកម្ពុជា ក្នុងជំលោះព្រំដែនកម្ពុជា-ថៃ

សង្គម​ និង​សេដ្ឋកិច្ច

គិតមកដល់ពេលនេះ ជប៉ុនបានផ្តល់ជំនួយសង្គ្រោះបន្ទាន់ឥតសំណង ដែលមានទឹកប្រាក់សរុបប្រមាណ ១.៨ លានដុល្លារអាមេរិក ដើម្បីឆ្លើយតបនឹងតម្រូវការមនុស្សធម៌ជាបន្ទាន់សម្រាប់ជនភៀសសឹកកម្ពុជា ដែលរស់នៅតាមតំបន់ព្រំដែនកម្ពុជា ថៃដោយសារបញ្ហាជំលោះព្រំដែនកម្ពុជា-ថៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមរយៈជំនួបរវាង លោក ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ជាមួយ លោក SEKIGUCHI Masakazu  ប្រធានព្រឹទ្ធសភាជប៉ុន នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥នេះ។

ក្នុងជំនួបនោះ លោកឯកអគ្គរាជទូតកម្ពុជាប្រចាំជប៉ុន បានថ្លែងថា ប្រទេសកម្ពុជា និងជប៉ុនបានផ្សារភ្ជាប់ទំនាក់ទំនង និងទំនុកចិត្តរវាងគ្នាជាយូរអង្វែងមកហើយ ខណៈដែលឆ្នាំនេះជាខួបលើកទី៧២ នៃការបង្កើតទំនាក់ទំនងការទូតរវាងគ្នា។ ប្រទេសទាំងពីរបាននិងកំពុងពូនជ្រំ និងបន្តថែរក្សាទំនាក់ទំនងដ៏ល្អប្រសើរ ក្រោម “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ជាញឹកញាប់ និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំក្នុងវិស័យជាច្រើន។

លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលនិងប្រជាជនជប៉ុន ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ដំណើរការស្វែងរកសន្តិភាពនៅកម្ពុជានៅទស្សវត្សរ៍ទី៩០ និងចំពោះការបន្តជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម រហូតដល់ពេលនេះ ព្រមទាំងជំនួយសង្គ្រោះបន្ទាន់ឥតសំណង ដែលមានទឺកប្រាក់សរុបប្រមាណ ១.៨ លានដុល្លារអាមេរិក ដើម្បីឆ្លើយតបនឹងតម្រូវការ មនុស្សធម៌ជាបន្ទាន់សម្រាប់ជនភៀសសឹកកម្ពុជា ដែលរស់នៅតាមតំបន់ព្រំដែនកម្ពុជា ថៃដោយសារបញ្ហាជំលោះព្រំដែនកម្ពុជា-ថៃ។

ក្នុងឱកាសនោះ លោកប្រធានព្រឹទ្ធសភាជប៉ុនបានបង្ហាញក្តីសង្ឃឹមថាទំនាក់ទំនងរវាងជប៉ុន និងកម្ពុជានឹងកាន់តែរីកចម្រើនបន្តទៀត។ លោកក៏បានកត់សម្គាល់ថា មានការបន្ថយភាពតានតឹងរវាងប្រទេសកម្ពុជា និងថៃ តាមរយៈការសម្របសម្រួលរបស់ប្រទេសម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ានផងដែរ៕