កម្ពុជា-កាណាដា ប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី ដើម្បីផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជាតិទាំងពីរ កម្ពុជា និងកាណាដាឱ្យកាន់តែខ្លាំងថែមទៀត។

នេះបើតាមជំនួបពិភាក្សារវាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោកស្រី Caroline Mulroney សមាជិកសភានៃរដ្ឋបាលខេត្តអុនតារីយ៉ូ និងជារដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការនិយាយភាសាបារាំង ព្រមទាំងជាប្រធានក្រុមប្រឹក្សាភិបាលរតនាគារខេត្តអុនតារីយ៉ូ កាលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ដែលជំនួបនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល ដោយភាគីទាំងពីរបានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹង និងពង្រីកទំនាក់ទំនងរវាងកម្ពុជា និង ប្រទេសកាណាដា។
លោក ស៊ុន ចាន់ថុល បានលើកឡើងអំពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ជាពិសេស យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលផ្តោតលើការទាក់ទាញការវិនិយោដោយផ្ទាល់ពីបរទេស ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការកែលម្អបរិយាកាសធុរកិច្ច។ ជាមួយគ្នានេះ លោក ក៏បានលើកឡើងអំពី លទ្ធភាពសហការរៀបចំព្រឹត្តិការណ៍អមក្នុងទម្រង់ជាវេទិកាវិនិយោគ និងពាណិជ្ជកម្ម កំឡុងពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលនឹងប្រព្រឹត្តទៅនៅខេត្តសៀមរាប ក្នុងខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ។លោកថែមទាំងបានអញ្ជើញវិនិយោគិនពីខេត្តអុនតារីយ៉ូឱ្យមកស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា លើវិស័យអាទិភាពនានាផងដែរ។

ជាការឆ្លើយតប លោកស្រី Caroline Mulroney បានសរសើរពីវឌ្ឍនភាពរបស់កម្ពុជា។ ក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាលរតនាគារខេត្តអុនតារីយ៉ូ លោកស្រីបានចែករំលែកបទពិសោធន៍ក្នុងការអនុវត្ត កំណែទម្រង់រដ្ឋបាលសាធារណៈ ការគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព និងការលើកកម្ពស់តម្លាភាព ក្នុងវិស័យសាធារណៈនានា។ លោកស្រីក៏បានសំដែងនូវការគាំទ្រលើការគិតគូររៀបចំ វេទិកាវិនិយោគ និងពាណិជ្ជកម្ម កំឡុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅកម្ពុជា។
តាមរយៈជំនួបខាងលើនេះដែរ CDC អះអាងថា គឺបានឆ្លុះបញ្ចាំងឱ្យឃើញពីកាយវិការវិជ្ជមានមួយ ក្នុងការត្រួសត្រាយផ្លូវសម្រាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគ ហុចផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជាតិទាំងពីរ៕អត្ថបទ៖ហ្សាលីន


