ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល មន្រ្តីជាន់ខ្ពស់នៃស្ថាប័នកំពូលៗកម្ពុជា ចូលរួមដង្ហែសម្តេចព្រះមហាក្សត្រី ក្នុងព្រះរាជពិធីបួងសួងសូមចម្រើនសេចក្តីសុខជូនកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខដឹកនាំកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត និងមន្រ្តីជាន់ខ្ពស់នៃស្ថាប័នកំពូលៗរបស់កម្ពុជា នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញដង្ហែសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបួងសួងសូមចម្រើនសេចក្តីសុខ និងភាពសម្បូរសប្បាយដល់ព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឱ្យដឹងតាមរយៈហ្វេសប៊ុកថា ទូលព្រះបង្គំ និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលបានចូលរួមដង្ហែ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបួងសួងសូមចម្រើនសេចក្តីសុខ និងភាពសម្បូរសប្បាយដល់ព្រះរាជាណាចក្រកម្ពុជា នៅមុខព្រះមហាចេតិយ ព្រះករុណាព្រះបរមរតនកោដ្ឋ នៃព្រះបរមរាជវាំង។

នៅក្នុងព្រះរាជពិធីនេះដែរសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងមន្រ្តីជាន់ខ្ពស់នៃស្ថាប័នព្រឹទ្ធសភា ក៏បានអញ្ជើញដង្ហែ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជាផងដែរ។

យាង និមន្ត និងអញ្ជើញចូលរួមក្នុងព្រះរាជពិធីនេះ ក្រៅពីសម្ដេចធិបតី ហ៊ុន ម៉ាណែត, សម្តេចតេជោ ហ៊ុន សែន ក៏មាននូវការយាង និមន្ត ពីសម្ដេច ព្រះអង្គម្ចាស់ អ្នកអង្គម្ចាស់ ឯកឧត្ដម ជាឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ  បណ្តាអង្គទូតប្រចាំព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំសង្ឃទាំងពីរគណៈ និងមន្ត្រីរាជការជាច្រើនរូបទៀត។ 

សូមជម្រាបថា ព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា បានប្រព្រឹត្តទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា និងបានផ្តល់នូវការប្រោះព្រំសព្ទសាធុការពរជ័យ សិរីបវរថ្លៃថ្លា មហាប្រសើរ ដល់ទឹកដីព្រះរាជាណាចក្រកម្ពុជា ក្រោមម្លប់ព្រះបារមីនៃ ព្រះករុណាអម្ចាស់ជីវិតលើត្បូង ដែលនឹងផ្ដល់នូវសេចក្តីសុខចម្រើន ដល់ប្រជារាស្រ្ត ជាកូនចៅ ចៅទួត របស់ព្រះអង្គជារៀងដរាបតរៀងទៅ៕