រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ចេញទុនបន្ថែមចំនួន៤០លានដុល្លារ ក្រោមកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល សម្រាប់ជួយដល់ការប្រមូលទិញស្រូវក្នុងរដូវច្រូតកាត់ចុងឆ្នាំ២០២៥ និងដើមឆ្នាំ២០២៦ ដើម្បីដោះស្រាយបញ្ហាធ្លាក់តម្លៃស្រូវ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ក្នុងរដូវកាលប្រមូលផលស្រូវជាបន្តបន្ទាប់មកនេះ, តម្លៃស្រូវ មានការធ្លាក់ចុះ ខណៈពេលដែលតម្លៃអង្ករលើទីផ្សារអន្តរជាតិកំពុងមាននិន្នាការធ្លាក់ចុះ ដោយសារតែស្លុក អង្ករសម្រាប់សុវត្ថិភាពស្បៀងឆ្នាំ២០២៤ របស់ប្រទេសមួយចំនួន បន្តប្រើប្រាស់ក្នុងឆ្នាំ២០២៥ ដែលធ្វើឱ្យ តម្រូវការអង្ករនៅទីផ្សារអន្តរជាតិធ្លាក់ចុះ ជាមួយនឹងផលិតកម្មស្រូវនៅកម្ពុជា និងលើសកលលោកបន្ត កើនឡើង។
ដើម្បីឆ្លើយតបនឹងបញ្ហាធ្លាក់ថ្លៃនេះ, រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើ ការរក្សាលំនឹងថ្លៃស្រូវ និងលំនឹងជីវភាពបងប្អូនប្រជាកសិករ ដោយចាត់វិធានការអន្តរាគមន៍ជាបន្តបន្ទាប់ រួមទាំងការបញ្ចេញមូលនិធិ ក្រោមកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល សម្រាប់ផ្តល់ឥណទាន ជាមុនបង្វិលដល់រោងម៉ាស៊ីនកិនស្រូវដែលជាដៃគូជាមួយនឹងធនាគារ ARDB និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីប្រមូលទិញស្រូវតាមតម្លៃសមរម្យពីបងប្អូនប្រជាកសិករ។
ដើម្បីអន្តរាគមន៍រក្សាលំនឹងថ្លៃស្រូវក្នុងប្រមូលផលក្នុងខែវិច្ឆិកាដល់ខែធ្នូ ឆ្នាំ២០២៥ និងដើមឆ្នាំ ២០២៦ ខាងមុខនេះ, រាជរដ្ឋាភិបាលបានសម្រេចបញ្ចេញមូលនិធិចំនួន ៤០ លានដុល្លារអាម៉េរិក បន្ថែមទៀត ក្រោមកម្មវិធីហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល ដើម្បីលើកស្ទួយផលិតផលកសិកម្ម រកទីផ្សារ និងរក្សាលំនឹង ថ្លៃកសិផល តាមរយៈធនាគារ ARDB សម្រាប់ផ្តល់ឥណទានជានបង្វិលដល់រោងម៉ាស៊ីនកិនស្រូវដៃគូ ប្រមូលទិញស្រូវឱ្យអស់លទ្ធភាព និងតាមតម្លៃសមរម្យពីបងប្អូនប្រជាកសិករ។

គួរបញ្ជាក់ថា ជុំវិញរឿងនេះ លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្លាប់បានគូសបញ្ជាក់ដែរថា ប៉ុន្មានខែកន្លងមកនេះ តាមរយៈមន្ត្រីកសិកម្មឃុំនិងរោងម៉ាស៊ីនដៃគូទាំងអស់ ក្រសួងកសិកម្មនិងសហព័ន្ធស្រូវអង្ករបានធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធស្ទើរតែរៀងរាល់ថ្ងៃជាមួយនឹងវិសាលភាពដ៏ធំធេង ដើម្បីធានាឱ្យបានថាការប្រមូលទិញស្រូវពីបងប្អូនកសិករយើងនៅតាមទីវាលនៅតែមានលំហូរជាប់ជាប្រចាំ និងជួយមិនឱ្យកសិករកកស្ទះរហូតដល់ខូចស្រូវនោះឡើយ។
ត្រឹមខែតុលា ឆ្នាំ ២០២៥ ដំណោះស្រាយការប្រមូលផលនិងទីផ្សារបានប្រមាណ ៨ លានតោន នៅសល់ជាង ៦ លានតោនទៀត ត្រូវបន្តដោះស្រាយក្នុងខែ វិច្ឆិកា និងធ្នូ។ ក្នុងខែវិច្ឆិកាប៉ុណ្ណោះ ត្រូវប្រមូលផលស្រូវប្រមាណ ៤,៥ លានតោន ឬជាមធ្យមប្រមាណ ១៥ ម៉ឺនតោនក្នុងមួយថ្ងៃ៕


