ប្រតិភូសមាគមអភិវឌ្ឍន៍សេដ្ឋកិច្ច ចិន-អាស៊ី ស្វែងរកឱកាសបណ្តាក់ទុនវិនិយោគនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

គណៈប្រតិភូសមាគមអភិវឌ្ឍន៍សេដ្ឋកិច្ច ចិន-អាស៊ី បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបពិភាក្សាការងាររវាង លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយ គណៈប្រតិភូសមាគមអភិវឌ្ឍន៍សេដ្ឋកិច្ច ចិន-អាស៊ី កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ស៊ុន ចាន់ថុល បានបញ្ជាក់អំពីឱកាសវិនិយោគដ៏ទូលំទូលាយនៅក្នុងប្រទេសកម្ពុជា ក្រោមការសម្របសម្រួលរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបម្រើការជាសេនាធិការ និងជាច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលទទួលខុសត្រូវក្នុងការត្រួតពិនិត្យ និងគ្រប់គ្រងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍, ការវិនិយោគឯកជន, និងតំបន់សេដ្ឋកិច្ចពិសេស (SEZs)។

លោកក៏បានលើកឡើងអំពី កិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ដែលត្រូវបានចុះហត្ថលេខាជាផ្លូវការនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ ដែលបានផ្តល់នូវភាពច្បាស់លាស់សម្រាប់វិនិយោគិន។

ជាការឆ្លើយតប លោក CHEN Jun បានបង្ហាញនូវឆន្ទៈក្នុងការជម្រុញ និងនាំយកក្រុមហ៊ុនជាសមាជិកដែលមានសក្តានុពលខ្ពស់ផ្នែកបច្ចេកវិទ្យា និងឧស្សាហកម្មកែច្នៃនានា មកសិក្សាពិនិត្យលទ្ធភាព និងស្វែងរកឱកាសមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាផងដែរ។

សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងការវិនិយោគ គិតក្នុងរយៈពេល១០ខែ នៃឆ្នាំ២០២៥នេះ CDC បានសម្រេចុះបញ្ជីគម្រោងវិនិយោគចំនួន ៥៧៥គម្រោង ក្នុងទំហំទុនវិនិយោគសរុប ប្រមាណ ៩,២ប៊ីលានដុល្លារអាម៉េរិក ពោលគម្រោងវិនិយោគមានការកើនឡើងចំនួន ២២៩គម្រោង ស្មើនឹងប្រមាណ ៦៦% ខណៈទុនវិនិយោគមានការកើនឡើងប្រមាណជិត ៣,៧ប៊ីលានដុល្លារអាម៉េរិក ស្មើ នឹងប្រមាណ ៦៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដែលមានគម្រោងវិនិយោគត្រឹមតែ ៣៤៦គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ៥,៥ប៊ីលានដុល្លារអាម៉េរិក៕